0


បញ្ហា​​​រវាង​ការ​ខិតខំ​ធ្វើ​ការ ​និង ភាព​ឆ្លាតវៃ​​លើ​ការងារ​ (Hard Work or Smart Work) ​ជា​ទូទៅ​គេ​សង្កេត​ឃើញ​ថា ​មាន​​ជម្រើស​តែមួយ​ប៉ុណ្ណោះ​គឺ​ថា ​គួរ​ជ្រើសរើស​ការ​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​​ ឬ ក៏​​​ភាព​ឆ្លាតវៃ​​លើ​ការងារ​។​ ចុះ​ហេតុអ្វី​បាន​ជា​យើង​មិន​អាច​ធ្វើ​​វា​បាន​ក្នុង​ពេល​តែមួយ​ឲ្យ​មាន​ប្រសិទ្ធភាព​ទៅ​?​

​ភាព​ឆ្លាតវៃ​លើ​ការងារ​ ​​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​បរិបទ​ការងារ​​នៅ​យុគសម័យ​បច្ចេកវិទ្យា​នេះ​។ គ្មាន​សហគ្រិន​ណា​ម្នាក់ ឬ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ណាមួយ​អាច​និយាយ​ប្រាប់​អ្នក​ពី​​កម្រិត​អតិបរមា​នៃ​ភាព​ឆ្លាតវៃ​​របស់​ខ្លួន​នោះ​​ឡើយ​ក្នុង​​ការងារ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​។

យ៉ាងណាមិញ ដើម្បី​ឈាន​ទៅ​ដល់​ចំណុច​កំពូល​មួយ​ក្នុង​ជំនាញ​របស់​​​អ្នក​ អ្នក​មិន​មែន​ត្រឹមតែ​ទាញ​ផល​ប្រយោជន៍​​ចេញ​ពី​បច្ចេកវិទ្យា និង ​ត្រូវ​ធ្វើ​ការ​ឲ្យ​មាន​ប្រសិទ្ធភាព​ប៉ុណ្ណោះ​ទេ​ តែ​អ្នក​ត្រូវ​ធ្វើ​ជា​​មនុស្ស​ដំបូង​នៅ​ក្នុង​ការិយាល័យ និង យ៉ាងហោចណាស់​ជា​បុគ្គល​ម្នាក់​ដែល​ក្រោក​ពី​ព្រឹកព្រលឹម ខណៈ​ដែល​គូប្រជែង​របស់​អ្នក​កំពុង​តែ​គេង​លង់លក់​ស្រួល។

​​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​កំពូល​ជា​ច្រើន​ត្រូវ​បាន​គេ​រក​ឃើញ​ថា គិត​ជា​មធ្យម​បាន​ក្រោក​ពី​គេង​នៅ​ម៉ោង ៦:១៥ នាទី​ព្រឹក ខណៈ​ដែល​​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ជា​ច្រើន​ទៀត​បាន​ក្រោក​នៅ​ម៉ោង​៥ ព្រឹក និង យ៉ាងហោចណាស់​បាន​ធ្វើ​ការ​២ ម៉ោង​ក្រោយ​ពេល​ទទួល​ទាន​អាហារ​ពេល​ល្ងាច។ ក្នុង​មួយ​ថ្ងៃៗ​បុគ្គល​ទាំង​នេះ​បាន​ធ្វើ​ការ​រហូត​ដល់ ១៨ ម៉ោង ហើយ​ជា​​លទ្ធផល​ភាគ​ច្រើន​ ​ពួកគេ​​​ទទួល​បាន​​ជោគជ័យ​តាម​បំណង​ប្រាថ្នា​របស់​ខ្លួន ខណៈ​ដែល​មនុស្ស​ដទៃ​ទៀត​បរាជ័យ។​​

ដូច​អ្វី​ដែល​លោក Seth Priebatsch ​អ្នក​បង្កើត​ហ្គេម SCVNGR បាន​​លើកឡើង​ដូច្នេះ​ថា៖« ខ្ញុំ​បាន​ចំណាយ​ពេល​យ៉ាង​ច្រើន​ម៉ោង​ក្នុង​មួយ​ថ្ងៃ​នៅ​ក្រៅ​ការិយាល័យ​ធ្វើ​​ការ​របស់​ខ្ញុំ។ ខ្ញុំ​បាន​សម្ភាសន៍​មនុស្ស​ជា​ច្រើន​នៅ​ថ្ងៃ​ចុង​សបា្តហ៍ ពេល​យប់ និង ព្រឹកព្រលឹម​។ ខ្ញុំ​គិត​ថា ខ្ញុំ​​​មាន​ដុង (ពូកែ) ខាង​ការងារ​សង្គម ដូច្នេះ​ខ្ញុំ​ក៏​ជ្រើសរើស​យក​ការងារ​ហ្នឹង​ទៅ!»។

តាម​ពិត​ទៅ​បុគ្គល​ដែល​មាន​​​ភាព​ឆ្លាតវៃ​​ក្នុង​ការងារ​ នឹង​ទទួល​បាន​​មក​វិញ​នូវ​ការ​សន្សំ​ពេលវេលា​បាន​ច្រើន​​ជាង​មុន និង អាច​ឆាប់​បាន​ដល់​គោលដៅ​ប្រកប​ដោយ​ប្រសិទ្ធភាព​​ជាង​អ្នក​ដែល​មិន​សូវ​មាន​ភាព​វៃឆ្លាត។​

ទោះបី​ជា​បែប​នេះ​ក្តី ប្រសិន​បើ​អ្នក​ចង់​ជោគជ័យ អ្នក​មិន​គួរ​ផ្ដោត​តែ​ទៅ​​​លើ​ភាព​ឆ្លាតវៃ​ក្នុង​ការ​ធ្វើ​​ការ​ប៉ុណ្ណោះ​ទេ។ បុគ្គល​ជោគជ័យ​ភាគច្រើន​ជា​មនុស្ស​មាន​ភាព​វៃឆ្លាត ប៉ុន្តែ​​សម្រាប់​អ្នក​​គួរ​តែ​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការ​ផង​ដែរ។ ការ​ខិតខំ​ប្រឹងប្រែង ឬ ការ​ព្យាយាម​ដោយ​មិន​បោះបង់​អាច​ធានា​បាន​នូវ​​ភាព​ជោគជ័យ​ដល់​គោលដៅ​ ហើយ​បើ​អ្នក​មាន​តែ​ភាព​វៃឆ្លាត តែ​គ្មាន​ការ​ខិតខំ​ប្រឹងប្រែង លទ្ធផល​នឹង​អាច​ផ្ទុយ​ពី​អ្វី​ដែល​អ្នក​រំពឹង​ទុក។​

ប៉ុន្តែជា​គោលការណ៍ ការ​ខិតខំ​ធ្វើ​ការ និង ភាព​ឆ្លាតវៃ​ក្នុង​ការ​ធ្វើ​ការ​ វា​មិន​គ្រប់គ្រាន់​នោះ​ឡើយ​ក្នុង​ការងារ​ប្រចាំ​ថ្ងៃ​របស់​អ្នក ជា​ពិសេស​លើ​កិច្ចការ​អាជីវកម្ម។ ទេពកោសល្យ ទស្សនវិស័យ ហានិភ័យ លាភ​សំណាង និង កត្តា​ផ្សេងៗ​ទៀត គឺ​សុទ្ធតែ​​រួម​ចំណែក​ធ្វើ​ឲ្យ​អ្នក​ជោគជ័យ​។

អ្នក​ត្រូវ​ចាំ​ថា ចង់​ក្លាយ​ជា​មនុស្ស​ដែល​មាន​សក្ដានុពល​លើ​ការងារ​ អ្នក​ត្រូវ​តែ​ខិតខំ​ធ្វើ​ការ មាន​ភាព​ឆ្លាតវៃ​ឲ្យ​ខ្លាំង​បន្តិច ធ្វើ​ការ​​បាន​យូរអង្វែង និង ចេះ​អភិវឌ្ឍ​ខ្លួន​ជា​លំដាប់ បើ​មិន​ដូច្នេះ​ទេ អ្នក​ពិត​ជា​មិន​អាច​ដើរ​ទាន់​បុគ្គល​ជោគជ័យ​ផ្សេងៗ​ទៀត​នោះ​ឡើយ៕

សូមអរគុណ៖ Thebnews

ប្រភព៖ Entrepreneurs-journey.com


Post a Comment

 
Top