0


ភាព​ជា​អ្នក​​ដឹកនាំ​មិនមែន​សុទ្ធតែ​មនុស្ស​គ្រប់រូប​អាច​​ធ្វើ​បាន​នោះ​ឡើយ ពីព្រោះ​ថា​វា​ទាមទារ​ឲ្យ​លក្ខណសម្បត្តិ ជំនាញ និង ​សមត្ថភាព​​គ្រប់គ្រាន់​ ទើប​ធ្វើ​ឲ្យ​មនុស្ស​គ្រប់គ្នា​ទទួល​បាន​ភាព​ជោគជ័យ។ ​ហេតុដូច្នេះ​ហើយ បាន​ជា​មនុស្ស​ភាគតិច​ប៉ុណ្ណោះ​ដែល​អាច​​ធ្វើ​ជា​អ្នក​ដឹកនាំ​គេ​បាន។ ទោះបី​ជា​បែប​នេះ​ក្តី សមត្ថភាព​អ្នក​ដឹកនាំ​ក៏​ត្រូវ​មាន​ការ​បណ្តុះបណ្តាល​ផង​ដែរ ក្នុង​នោះ​ជំនាញ​ទាំង​៥ នេះ​​​​ប្រិយមិត្ត​គួរ​ធ្វើ​ឲ្យ​បាន​​ប្រសិន​បើ​​លោក​អ្នក​ចង់​ដឹកនាំ​គេ។

១) ឆ្កឹះ​យក​បទពិសោធន៍​មក​​​​ឆ្លុះ​បញ្ចាំង​ឲ្យ​​​ខ្លួន​ឯង
កូនសោ​ដ៏​សំខាន់​មួយ​ក្នុង​នាម​ជា​អ្នក​ដឹកនាំ​ដ៏​ល្អ គឺ​សមត្ថភាព​ក្នុង​ការ​ឆ្លុះបញ្ចាំង​មក​វិញ​លើ​ការ​សម្រេចចិត្ត​​របស់​ខ្លួន​ និង សម្លឹង​មើល​ស្ថានភាព​នោះ​​ថា តើ​វា​ល្អ ឬ អាក្រក់? ដើម្បី​ទុក​ធ្វើ​ជា​បទពិសោធន៍​។ ​

នៅ​ពេល​ដែល​អ្នក​បាន​​អនុវត្ត​តាម​វិធីសាស្ត្រ​នេះ អ្នក​អាច​យក​មេរៀន​នោះ​មក​អនុវត្ត​ក្នុង​ស្ថានភាព​ណាមួយ​​ជាក់ស្តែង​របស់​អ្នក​ជា​ថ្មី​ម្តង​ទៀត ហើយ​ការ​អនុវត្ត​នេះ​ទោះបី​តិច ឬ ច្រើន​ក្តី ធានា​ថា នឹង​ល្អ​ប្រសើរ​ជាង​មុន​ជា​មិន​ខាន។ នេះ​ទាមទារ​ឲ្យ​អ្នក​ទទួល​ស្គាល់​កំហុស ឬ ភាព​បរាជ័យ​របស់​អ្នក​ដើម្បី​ទុក​ធ្វើ​ជា​គន្លឹះ​ត្រួសត្រាយ​ផ្លូវ​ធ្វើ​ជា​អ្នក​ដឹកនាំ​ប្រកបដោយ​ការ​ទទួល​ខុសត្រូវ។​
២) ចេះ​សម្របសម្រួល​ជាជាង​ប្រតិកម្ម​
អ្នក​ដឹកនាំ​ដែល​ជោគជ័យ ត្រូវ​តែ​ជា​បុគ្គល​ដែល​អង្គុយ​នៅ​តុមូល​​ដោយ​បាន​ត្រៀម​ខ្លួន​បាន​យ៉ាង​ល្អ​ជា​មួយ​នឹង​សេណារីយោ​ជា​ច្រើន និង ដឹង​ពី​របៀប​ដើម្បី​អនុវត្ត​​នៅ​ពេល​ដែល​ស្ថានការណ៍​​បាន​​​ធ្លាក់​ដាច់​​ដោយឡែក​ពី​គ្នា ឬ ក៏​ប្រាសចាក​ពី​គម្រោង​ដែល​គ្រោងទុក។ ការ​ត្រៀម​ទុក​នេះ អាច​ធានា​បាន​ថា អ្នក​នឹង​មិន​អាច​ធ្លាក់​ចូល​ទៅ​ក្នុង​ស្ថានភាព​​​មួយ​ដែល​​​អ្នក​មិន​អាច​​ចែករំលែក​​អ្វីៗ​ដែល​មាន​តម្លៃ​បាន ឬ មិន​អាច​ជួយ​ដោះស្រាយ​បញ្ហា​​កំពុង​ប្រឈមមុខ​បាន​។ ​​​​​​

នេះ​ជា​មូលហេតុ​ដែល​អ្នក​ត្រូវ​ដើរ​តួ​ជា​អ្នក​សម្របសម្រួល​ ត្បិតអី​ការ​ប្រតិកម្ម គឺ​ជា​ការ​បង្កើន​កម្តៅ​​មួយ​ដល់​ការ​ដឹកនាំ​របស់​អ្នក។ ផ្ទុយ​ទៅ​វិញ ការ​សម្រេចចិត្ត​ដ៏​ល្អ​មួយ ជានិច្ចកាល​កើត​ចេញ​ពី​​គំនិត និង អារម្មណ៍​របស់​​​អ្នក​ដែល​​មាន​ទិសដៅ​ស្រប​គ្នា។ បើ​ជា​ក្រុមហ៊ុន អ្នក​​មិន​ត្រូវ​ផ្ដោត​​តែ​​​ទៅ​លើ​ការ​ផ្គាប់ផ្គន់​​​បុគ្គល​នៅ​ថ្នាក់​​ក្រោម​បំផុត​ប៉ុណ្ណោះ​ទេ តែ​ក៏​ត្រូវ​គិត​ថា​ពី​មធ្យោបាយ​ដ៏​ល្អ​បំផុត​ធ្វើ​ឲ្យ​មនុស្ស​នៅ​ក្នុង​ក្រុមហ៊ុន​ទាំងមូល​បាន​ទទួល​ស្គាល់​រួម​គ្នា។​​​​​
៣) រក​ឲ្យ​ឃើញ​នៅ​ពាក្យ​ថា “ហេតុអ្វី?”
ធ្វើ​ជា​អ្នក​ដឹកនាំ​ប្រកប​ដោយ​សមត្ថភាព អ្នក​ត្រូវ​ដឹង​​ចម្លើយ​ឆ្លើយ​តប​ទៅ​នឹង​​ពាក្យ​​ថា “ហេតុអ្វី?”​។ ហេតុអ្វី​បាន​ជា​អ្នក​ត្រូវ​ទៅ​ទី​នោះ? ហេតុអ្វី​បាន​ជា​​ក្រុម​ការងារ​របស់​អ្នក​មិន​ជោគជ័យ? ហេតុអ្វី​បាន​ជា​អ្នក​​​​ចង់​ធ្វើ​ជា​អ្នក​ដឹកនាំ?​​​

ប្រសិន​បើ​អ្នក​មិន​មាន​​​ចក្ខុវិស័យ​ច្បាស់លាស់​ពី​អ្វី​ដែល​អ្នក​ចង់​បាន​សម្រាប់​ខ្លួន​ឯង ការ​ប្ដេជ្ញា​ចិត្ត និង ​ការ​ផ្ដោត​​ទៅ​លើ​អ្វី​មួយ​របស់​អ្នក​ នឹង​ដើរ​បញ្ច្រាសទិស​​គោលដៅ​របស់​អ្នក ហើយ​ទីបំផុត​អ្នក​ក៏​មិន​អាច​ជំរុញ​លើកទឹកចិត្ត​​ និង ដឹកនាំ​មនុស្ស​ផ្សេង​ទៀត​បាន​ដែរ។ ​​​​

ក្នុង​នាម​ជា​អ្នក​ដឹកនាំ​ដ៏​ល្អ​មួយ​រូប អ្នក​ត្រូវ​ធានា​ថា ​ចក្ខុវិស័យ​របស់​អ្នក​​​នឹង​អាច​​ហុច​ផល​ជា​វិជ្ជមាន​មួយ​​ដល់​មនុស្ស​គ្រប់គ្នា ទោះបី​ជា​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​បែប​ណា​ក៏ដោយ។ នេះ​ជា​បទពិសោធន៍​មួយ​ដែល​អ្នក​ដឹកនាំ​នៅ​លើ​ពិភពលោក​ធ្លាប់​ឆ្លងកាត់ និង អនុវត្ត​យូរ​មក​ហើយ។ ចក្ខុវិស័យ​នោះ ត្រូវ​តែ​មាន​ភាព​ច្បាស់លាស់​ដែល​កើត​ចេញ​ពី​បុគ្គល​មាន​ឥទ្ធិពល​មួយ​រូប តែ​មនុស្ស​គ្រប់គ្នា​​បាន​ទទួល​​យក​​វា​​​​មក​ធ្វើ​ជា​គោលដៅ​រួម​របស់​ខ្លួន​ដោយ​មិន​ជំទាស់។ ​​
៤) មាន​មហិច្ឆតា​លើ​អ្វី​ដែល​អ្នក​ធ្វើ
ក្នុង​នាម​ជា​អ្នក​ដឹកនាំ​មួយ​រូប បើ​អ្នក​មិន​មាន​មហិច្ឆតា​ចង់​ស្រវា​ចាប់​យក​ភាព​ជោគជ័យ​ដល់​មនុស្ស​គ្រប់​គ្នា​ទេ​​នោះ វា​នឹង​ពិបាក​ក្នុង​ការ​រក្សា​ឲ្យ​បាន​ស្ថិរភាព​មួយ​​​ដែល​អ្នក​ត្រូវ​ការ​ដើម្បី​​​ដឹកនាំ​ក្រុម​ការងារ​​ឲ្យ​ជោគជ័យ។ ​​​​​

ដរាបណា​អ្នក​កាន់តែ​មាន​​​​មហិច្ឆតា​​​​ពី​អ្វី​ដែល​អ្នក​ចង់​បាន ដរាប​នោះ​ឥទ្ធិពល​នៃ​ភាព​ជោគជ័យ​កាន់តែ​មាន​ច្រើន​ទៅ​តាម​នោះ​ដែរ។ ហើយ​ក៏​គ្មាន​អ្វី​ប្រសើរ​ជាង​អ្នក​ដឹកនាំ​មួយ​រួប​ដែល​មិន​ត្រឹមតែ​មាន​មហិច្ឆតា​សម្រាប់​ភាព​ជោគជ័យ​ដល់​​ខ្លួន​ឯង​​​ ​ថែម​ទាំង​ចង់​ឲ្យ​មនុស្ស​គ្រប់រូប​ជោគជ័យ​នោះ​ដែរ​។​​
៥) ត្រៀម​ខ្លួន​ធ្វើ​អ្វី​​មួយ​ដែល​អ្នក​ដទៃ​មិន​អាច​ធ្វើ​បាន
​នេះ​ជា​ចំណុច​មួយ​ដ៏​សំខាន់​បំផុត​ព្រោះ​ថា អ្នក​ដឹកនាំ​ គឺ​ជា​បុគ្គល​មួយ​រូប​ដែល​អាច​ធ្វើ​រឿង​ដ៏​អស្ចារ្យ​បាន ខណៈ​ដែល​មនុស្ស​ជា​​ច្រើន​ទៀត​មិន​អាច​ធ្វើ​បាន​។ ដោយសារ​ភាព​បរាជ័យ​មិនមែន​ជា​​ជម្រើស​របស់​ខ្លួន​ អ្នក​ដឹកនាំ​មើល​ឃើញ​ថា ​បើ​ផ្នែក​​ណាមួយ​នៃ​​គម្រោង​របស់​ខ្លួន​បរាជ័យ អ្នក​ដឹកនាំ​តែង​មាន​វិន័យ​​ចំពោះ​ខ្លួន​ឯង​ក្នុង​ការ​ប្រឈម​ទៅ​នឹង​ភាព​បរាជ័យ​នោះ​ដោយ​ស្វិតស្វាញ​មិន​ងាយ​ទម្លាក់​ទង់ជ័យ​នោះ​ឡើយ។

នេះ​មានន័យ​ថា ទោះបី​ជា​ការងារ​នោះ​លំបាក​យ៉ាងណា​ក្តី ការ​​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ ជា​មួយ​នឹង​យុទ្ធសាស្ត្រ​ដ៏​ច្បាស់លាស់​អាច​ទម្លុះទម្លាយ​វា​បាន​។ នេះ​ហើយ​ជា​អ្វី​ដែល​អ្នក​ដឹកនាំ​ធ្វើ ដែល​មនុស្ស​គ្រប់គ្នា​កម្រ​ធ្វើ​បាន​​៕

សូមអរគុណ៖ Thebnews

ប្រភព៖​ Entrepreneur


Post a Comment

 
Top