0


១- កុំ​ខាន​ឲ្យ​សោះ​រឿង​អាហារ​ពេល​ព្រឹក (breakfast)

អត់​អី មាន​អី គួរ​កុំ​ចោល​ឲ្យ​សោះ រឿង​អាហារ​ពេល​ព្រឹក​នេះ ព្រោះ​វា​សំខាន់​ណាស់។ ​អស់លោក​សាក​ស្រមៃ​ទៅមើល! ចាប់​ពី​ពេល​ល្ងាច​ម្សិលមិញ​ទៅ​ទល់​នឹង​ពេល​ព្រឹក​នេះ មាន​រយៈពេល​ប្រហែល​ពី​១០ – ១២ ម៉ោង ដែល​លោក​អ្នក​គ្មាន​អាហារ​ថ្មី​ចូល​ពោះ នេះ​ជា​ចំណុច​មួយ។ រីឯ​ចំណុច​មួយ​ទៀត លោក​អ្នក​នឹង​ទទួល​អារម្មណ៍​ហេវ​ម្ហេតៗ ទោះ​ប្រឹងធ្វើ​ការ​ក៏​មិន​សូវ​រីក​ចម្រើន​ដែរ។ កត្តា​សំខាន់​បំផុត​ចំពោះ​សុខ​ភាព គឺ​ប្រសិនបើ​អស់​លោក​មិន​បរិភោគ​អាហារ​ព្រឹក​ទេ ហើយ​ចាំ​សរុប​ពេល​ថ្ងៃ លោក​អ្នក​នឹង​បរិភោគ​អាហារ​ថ្ងៃ​ត្រង់​ក្នុង​បរិមាណ​ច្រើន ហើយ​យូរៗ​ទៅ អាច​ប្រឈម​នឹង​ការ​ធាត់។

២- ជៀសវាង​ឲ្យ​បាន​ការ​បរិភោគ​ស្ករ​ច្រើន​ពេក ឬ​ជាតិ​ផ្អែម​ច្រើន​ពេក

​តាមពិត សារធាតុ​ស្ករ​មាន​ច្រើន​សម្បូរ​បែប​នៅ​ក្នុង​បន្លែ​ផ្លែឈើ និង​ចំណី​អាហារ​ដទៃ​ទៀត ដែល​លោក​អ្នក​បរិភោគ​ចូល​ទៅ​ក្នុង​ខ្លួន​រួច​ជា​ស្រេច ហើយ​គ្មាន​ការ​ចាំបាច់​ដែល​លោក​អ្នក​ត្រូវ​បន្ថែម​ស្ករ​ចូល​ក្នុង​ម្ហូប ឬ​ភេសជ្ជៈ​ផ្សេងៗ​ដើម្បី​បន្ថែម​រសជាតិ​នោះ​ទេ។ ដូចនេះ ការ​បរិភោគ​ភេសជ្ជៈ​បែប​សិប្បនិម្មិត​ដាក់​កំប៉ុង ហាក់​មិន​ចាំបាច់​ពេក​ទេ​ក្នុង​ការ​ផ្ដល់​ជាតិ​ស្ករ ហើយ​រឹត​តែ​គ្រោះ​ថ្នាក់​ប្រសិនបើ​ទទួល​ទាន​ប៉ះចំ​ទឹក​ក្រូច​ដាក់​មេស្ករ។ ក្នុង​ខ្លួន​មនុស្ស កាលណា​មាន​សារធាតុ​ស្ករ​ច្រើន​ពេក គ្មាន​នាំ​មក​នូវ​ផល​ល្អ​ចំពោះ​សុខភាព​នោះ​ទេ បាន​ត្រឹម​ធ្វើ​ឲ្យ​រាង​កាយ​ឡើង​ទម្ងន់ និង​ធ្វើ​ឲ្យ​មនុស្ស​ស្ទក់ និង​ទម្រន់​មិន​សូវ​រហ័ស​រហួន។

៣- គួរ​ព្យាយាម​កាត់​បន្ថយ​អាហារ​ត្រជាក់ ឬ​ចំណី​អាហារ​ខ្លះ​សេ (frozen food)

អាហារ​ដែល​ផ្ដល់​គុណ​តម្លៃ​បំផុត​ចំពោះ​សុខភាព គឺ​អាហារ​ដែល​ទើប​តែ​ចម្អិន​រួចរាល់ ហើយ​នៅ​ក្ដៅៗ ហុយៗ ដែល​គេ​លើក​ចេញ​ពី​ខ្ទះ ឬ​ពី​ឆ្នាំង។ អាហារ​ប្រភេទ​នេះ បរិភោគ​ទៅ​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់ ចំណែក​ជាតិ​វីតាមីន​ក៏​មិន​បាត់បង់​ទៅណា។ ​ពេល​ខ្លះ លោក​អ្នក​ទទួល​អារម្មណ៍​ថា​អាហារ​ត្រជាក់​ស្រួល​លេប និង​មាន​អារម្មណ៍​ស្រស់​ស្រាយ ប៉ុន្តែ​កុំ​ភ្លេច​ថា​វា​ក៏​បង្កើន​សារធាតុ​ខ្លាញ់ ឬ​កំណក​នៅ​ក្នុង​ក្រពះ​ពោះវៀន ព្រោះ​អ្នក​ដែល​រំលាយ​ខ្លាញ់​គឺ​កំដៅ។ ដូចនេះ គួរ​ព្យាយាម​បរិភោគ​អាហារ​ក្ដៅៗ ជា​ជាង​អាហារ​ត្រជាក់។

​៤- ​គួរ​ព្យាយាម​កាត់​បន្ថយ​ការ​បរិភោគ​អាហារ​សម្រន់​ច្រើន​ពេក (junk food)

​ពេល​ខ្លះ អស់​លោក​អ្នក​រវល់​ខ្លាំង​ពេក​ជាមួយ​ការងារ ភ្លេច​គិត​រឿង​អាហារ​ពេល ​ឬ​មិន​ចង់​ដើរ​ចេញ​ទៅ​ក្រៅ​ខ្លាច​ក្ដៅ ក៏​បរិភោគ​អាហារ​សម្រន់​ត្រជាក់ៗ។ បើ​ម្ដងម្កាល​មិន​អី​ទេ ប៉ុន្តែ​ប្រសិនបើ​អនុវត្ត​បែប​នេះ ស្ទើរ​រាល់​ថ្ងៃ គួរ​លោក​អ្នក​ព្យាយាម​ដូរ​ទម្លាប់​នេះ​ចេញ ព្រោះ​អាហារ​សម្រន់​ក៏​មិន​ជា​ល្អ​ណាស់ណា​ប៉ុន្មាន​ទេ។ អាហារ​សម្រន់​ភាគច្រើន​ផ្សំ​អំពី​ម្សៅ​ដែល​សម្បូរ​ជាត​ស្ករ ធ្វើ​ឲ្យ​ធាត់ ឬ​ឡើង​ទម្ងន់​ឆាប់​រហ័ស។

៥- ទទួល​ទាន​អាហារ​ឲ្យ​បាន​ទៀង​ទាត់​ពេល​វេលា

ទោះ​បី​រវល់​យ៉ាង​ណា គួរ​កុំ​ខកខាន​ឲ្យ​សោះ​រឿង​បរិភោគ​អាហារ​ទៅ​តាម​ពេល​កំណត់។ ​ពេល​ខ្លះ ដល់​ម៉ោង​ត្រូវ​ញ៉ាំ​បាយ​ហើយ នៅ​តែ​អស់​លោក​ខ្លះ​មិន​ទាន់​ទៅ​ទៀត ដោយ​នៅ​រ៉ែរ៉ៗ ថា​ចាំ​បង្ហើយ​កិច្ចការ​ឲ្យ​ហើយ​សិន។ អស់ពី​១០ នាទី ចូល​២០ នាទី រហូត​ទាល់តែ​ដល់​ម៉ោង​ចូល​ធ្វើ​ការ​វិញ ក៏​ខកខាន​មិន​បាន​បរិភោគ​តែ​ម្ដង។ ការ​ធ្វើ​របៀប​នេះ​មិន​បាន​ចំណេញ​អ្វី​ទេ ប៉ុន្តែ​ធ្វើ​ឲ្យ​សុខភាព​ចុះ​ទ្រុឌទ្រោម ហើយ​បំពេញ​ការងារ​ក៏​មិន​សូវ​មាន​ប្រសិទ្ធភាព ព្រោះ​ក្រពះ​រើ និង​កូពោះ​ក្រោកក្រាកៗ បន់​ឲ្យ​តែ​ដល់​ម៉ោង​ចេញ នឹង​អាល​ទៅ​រក​អ្វី​មក​ទ្រាប់​ពោះ ដើម្បី​បំបាត់​សេចក្ដី​ស្រេកឃ្លាន។

​៦- ​កំណត់​របប​អាហារ​ឲ្យ​បាន​សមស្រប និង​ធ្វើ​លំហាត់​ប្រាណ

ការ​បរិភោគ​អាហារ​ច្រើន​ពេក ក៏​មិន​បាន​ផ្ដល់​ផល​ចំណេញ​អ្វី​ទាំង​អស់​ចំពោះ​សុខភាព ប៉ុន្តែ​មាន​តែ​ធ្វើ​ឲ្យ​រាង​កាយ​លើស​ទម្ងន់ ជាតិ​ស្ករ​លើស ជាតិ​ខ្លាញ់​លើស​តែ​ប៉ុណ្ណោះ។ គួរ​លៃ​បរិមាណ​អាហារ​សម្រាប់​បរិភោគ​មួយ​ពេល​ៗ ឲ្យ​ល្មម​បាន​ហើយ ហើយ​កុំ​ស្ដាយ អាហារ​ណា​ដែល​នៅ​សល់ គួរ​បោះ​ចោល បោះ​ទៅ តែ​កាលណា​ស្ដាយ ប្រឹង​បរិភោគ​ឲ្យ​អស់​ពីចាន នឹង​ធ្វើ​ឲ្យ​លោក​អ្នក​លើស​ទម្ងន់​មិន​ខាន។ ចំណុច​មួយ​ទៀត ត្រូវ​លោក​អ្នក​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ ហោចណាស់​ឲ្យ​បាន​មួយ​អាទិត្យ ៤ – ៥ ដង ក្នុង​ម្ដង​ឲ្យ​បាន​ ៦០ – ៩០ នាទី​ដើម្បី​រក្សា​រាង​កុំ​ឲ្យ​ធាត់​ជ្រុល។ ការ​ហាត់​ប្រាណ​នេះ ធ្វើ​ឲ្យ​មនុស្ស​រឹង​មាំ​ទាំង​រាងកាយ និង​សតិបញ្ញា​ស្មារតី៕

សូមអរគុណ៖ Thebnews

ប្រភព៖Entrepreneurs-journey.com


Post a Comment

 
Top