0
ប្រាក់​លើក​ទឹកចិត្ត​ (Bonus) ​​​ជា​ចំនួន​ប្រាក់​ជាក់លាក់​ណាមួយ​ដែល​​ក្រុមហ៊ុន​ ​ឬ​អង្គភាព​​នានា​ផ្ដល់​ដល់​បុគ្គលិក​របស់​ខ្លួន​នៅ​ពេល​វេលា​ផ្សេងៗ ​ដូចជា​នៅ​​ថ្ងៃ​វិស្សមកាល​ធំ ​ដំណាច់​ឆ្នាំ ​​ឆមាស​ ឬ​ត្រីមាស​ ​​​ទៅ​តាម​ការ​កំណត់​របស់​ក្រុមហ៊ុន​នីមួយៗ។ ​​ជា​ទូទៅ​ នៅ​មុន​ពេល​​ផ្ដល់​ប្រាក់​រង្វាន់​លើក​ទឹកចិត្ត ​​ថ្នាក់​ដឹកនាំ​​​​ក្រុមហ៊ុន​ច្រើន​អង្គុយ​​រួម​គ្នា​ពិនិត្យ​ទៅ​លើ​លទ្ធផល​ការងារ​ ​​​​តាមរយៈ​ការ​​វាយតម្លៃ​ការងារ​ (Job Appraisal) ​ដែល​បុគ្គលិក​ម្នាក់ៗ​សម្រេច​បាន​​ដើម្បី​ផ្ដល់​ជា​ប្រាក់​រង្វាន់​តិច​ច្រើន​ទៅ​តាម​នោះ។ ​ជុំវិញ​ប្រាក់​លើក​ទឹកចិត្ត​នេះ​ មាន​ការ​ជជែក​វែកញែក​ពិភាក្សា​​ជា​ហូរហែ​ពី​គុណសម្បត្តិ​ និង​គុណវិបត្តិ​របស់​វា។





គុណសម្បត្តិ៖


ជំរុញ​ចិត្ត​បុគ្គលិក​ឲ្យ​ខិតខំ​បន្ថែម​ទៀត

ប្រាក់​រង្វាន់​​អាច​​ប្រើ​ជា​មធ្យោបាយ​មួយ​សម្រាប់​ជំរុញ​ទឹកចិត្ត​បុគ្គលិក​ឲ្យ​ខិតខំ​បន្ថែម​ទៀត។ ​ឧទាហរណ៍​៖ ស្ថាប័ន​មួយ​កំណត់​គោលដៅ​​​ថា​​ត្រូវ​​សម្រេច​ឲ្យ​បាន​​​​ផែនការ ៧ចំណុច​ ឲ្យ​បុគ្គលិក​ត្រូវ​សម្រេច​​ក្នុង​​រយៈពេល ​២ឆ្នាំ​បន្ទាប់។ ​​ក្រោយ​ពេល​​បុគ្គលិក​អាច​សម្រេច​គោលដៅ​នោះ​តាម​កាល​កំណត់​​ ក្រុមហ៊ុន​នឹង​​ផ្ដល់​ជា​ប្រាក់​រង្វាន់​ដល់​បុគ្គលិក​ឆ្នើម​មួយ​ចំនួន​ ​ឬ​បុគ្គលិក​ទាំង​អស់​​​​ជា​​ការ​លើក​ទឹកចិត្ត។ ​​ការ​ធ្វើ​បែប​នេះ​​នឹង​ជំរុញ​ឲ្យ​បុគ្គលិក​មាន​​ស្មារតី​ទទួល​ខុសត្រូវ​ជាង​មុន​ និង​មាន​អារម្មណ៍​ច្បាស់​ការណ៍​ថា ​ពេល​សម្រេច​គោលដៅ​​ថ្មី​ៗ​របស់​ខ្លួន​​នៅ​ពេល​ក្រោយ​ ពួកគេ​នឹង​ទទួល​បាន​អ្វី​មួយ​មក​​វិញ​​ជា​ការ​តបស្នង។

​​​​ឲ្យ​បុគ្គលិក​​មាន​ភាព​កក់ក្ដៅ

ពេល​ខ្លះ​ការ​លើក​ទឹកចិត្ត​មិន​ចាំ​បាច់​ថា ​បុគ្គលិក​ត្រូវ​សម្រេច​គោលដៅ​ធំ​របស់​ក្រុមហ៊ុន​ឲ្យ​ខាង​តែ​បាន​ទេ។ ​​ក្រុមហ៊ុន​មួយ​ចំនួន​ ផ្ដល់​ប្រាក់​លើក​ទឹកចិត្ត​នេះ​ដើម្បី​ជា​ការ​ផ្ដល់​តម្លៃ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​ ​និង​រួម​ចំណែក​របស់​បុគ្គលិក​​សម្រាប់​រយៈពេល​មួយ​ឆ្នាំ។ ​​ប្រាក់​លើក​ទឹកចិត្ត​ប្រភេទ​នេះ​​អាច​ត្រូវ​ក្រុមហ៊ុន​កំណត់​ឲ្យ​ជា​ប្រាក់​ខែ​ទី​ ១៣ ​​​នៅ​ពេល​បុណ្យ​ឈប់សម្រាក​ធំៗ ​ឬ​នៅ​ដំណាច់​ឆ្នាំ។

​​​ចុះ​ការ​ផ្ដល់​ប្រាក់​​​លើក​ទឹកចិត្ត​មាន​គុណវិបត្តិ​អ្វី​ខ្លះ?

ចំណាយ​ច្រើន​សម្រាប់​ក្រុមហ៊ុន

រង្វាន់​លើក​ទឹក​ចិត្ត​ជា​ប្រាក់​​នឹង​ធ្វើ​ឲ្យ​ខ្ទង់​ចំណាយ​ក្រុមហ៊ុន​កើន​ខ្លាំង ២ ឬ ៣ ដង​ទៅ​តាម​ការ​ផ្ដល់​ឲ្យ​របស់​​ថៅកែ។ ​​ចំពោះ​ក្រុមហ៊ុន​ធំៗ​​ដែល​មាន​បុគ្គលិក​​ច្រើន​ ការ​ផ្ដល់​ប្រាក់​រង្វាន់​​​មិន​ថា ​តិច​​តួច​ក៏​ត្រូវ​ការ​កញ្ចប់​ថវិកា​ធំ​មួយ​ដើម្បី​ចំណាយ​ដែរ។ ​បើ​ស្ថាប័ន​រក​ចំណូល​បាន​ច្រើន​មាន​ទៅ​អី ផ្ទុយ​ទៅ​វិញ​បើ​ចំ​ពេល​ចំណាយ​ធំ​ជាង​ចំណូល​អាច​ធ្វើ​ឲ្យ​ក្រុមហ៊ុន​មាន​ការ​ពិបាក​ព្រោះ​ត្រូវ​គិត​គូរ​ទៅ​លើ​គម្រោង​ផ្សេងៗ​ទៀត។ ​​

ដូច្នេះ​ការ​សម្រេច​ថា​ ផ្តល់​ឬ​មិន​ផ្តល់ ​តិច​ឬ​ច្រើន​គឺជា​ការ​សម្រេចចិត្ត​របស់​គណៈគ្រប់គ្រង​ក្រុមហ៊ុន​ផ្ទាល់។

​​​បង្កើត​ភាព​ច្រណែន​ក្នុង​ចំណោម​បុគ្គលិក

ប្រាក់​រង្វាន់​លើក​ទឹកចិត្ត​ត្រូវ​ក្រុមហ៊ុន​ផ្ដល់​ជូន​តាម​រូបភាព​ផ្សេង​ៗ​គ្នា​ដូចជា ​​​នៅ​ពេល​​សម្រាប់​គោលដៅ​មួយ​ ​ពេល​បំពេញ​ការងារ​បាន​ល្អ ​ពេល​ក្រុមហ៊ុន​ចំណេញ​ច្រើន ​ពេល​ដំណាច់​ឆ្នាំ ​ឬ​ថ្ងៃ​សម្រាក​ធំ​​ជាដើម។ ​ដោយសារ​ប្រាក់​រង្វាន់​លើក​ទឹកចិត្ត​ត្រូវ​ផ្ដល់​ដល់​បុគ្គលិក​មាន​ទំហំ​ខុស​ប្លែក​គ្នា ​​វា​ក៏​អាច​បង្កើត​ជា​ភាព​ច្រណែន​​គ្នា​ក្នុង​ចំណោម​បុគ្គលិក។ ​​ឧទាហរណ៍​មួយ​ដែល​គេ​អាច​មើល​ឃើញ​​ គឺ​ការ​ច្រណែន​គ្នា​រវាង​បុគ្គលិក​ចាស់​វស្សា​ និង​បុគ្គលិក​ថ្មី។ ​​​ពេល​ខ្លះ​បុគ្គលិក​ចូល​ថ្មី​ធ្វើ​ការ​ល្អ​ និង​ត្រូវ​បាន​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ស្ទើរ​ស្មើ​នឹង​បុគ្គលិក​ចាស់​ ធ្វើ​ឲ្យ​បុគ្គលិក​ចាស់​យល់​ថា ​ក្រុមហ៊ុន​មិន​ផ្ដល់​តម្លៃ​ដល់​ខ្លួន។ ​​​ពេល​ខ្លះ​បុគ្គលិក​ចាស់​​មក​យឺត​ និង​ធ្វើ​ការ​មិន​សូវ​បាន​ល្អ​ តែ​បាន​ប្រាក់​រង្វាន់​ច្រើន​ជាង​បុគ្គលិក​ថ្មី​ ធ្វើ​ឲ្យ​បុគ្គលិក​ថ្មី​យល់​ថា ​ក្រុមហ៊ុន​មិន​មាន​ភាព​យុត្តិធម៌​សម្រាប់​ខ្លួន។

ជា​រួម​ ប្រាក់​រង្វាន់​លើក​ទឹកចិត្ត​​មាន​គុណសម្បត្តិ ​និង​គុណវិបត្តិ​ដំណាលគ្នា។ ​តែ​ការ​សម្រេច​ចិត្ត​ថា ​គួរ​ផ្ដល់​ឬ​អត់​គឺ​អាស្រ័យ​ទៅ​លើ​ប្រធានក្រុមហ៊ុន ​និង​គណៈគ្រប់គ្រង​ផ្ទាល់​ដោយ​ផ្អែក​ទៅ​លើ​ស្ថានភាព​ហិរញ្ញវត្ថុ​ជាក់ស្តែង​របស់​ក្រុមហ៊ុន៕

សូមអរគុណ៖ Ehow


Post a Comment

 
Top