2

ជំងឺពុកឆ្អឹង Osteoporosis

សព្វថ្ងៃនេះជំងឺពុកឆ្អឹង កំពុងកើតមានយ៉ាងច្រើន ពិសេសទៅលើរាងកាយ ស្ដ្រីមានវ័យចំណាស់ ចាប់ពីអាយុ៤៥ឆ្នាំដល់ ៥៥ឆ្នាំ ក្រោយពេលដែលស្ដ្រីទាំងនោះអស់រដូវ។ ជំងឺពុកឆ្អឹងកើតឡើង ដោយសារតែថមថយជាតិកំបោរ និងសារជាតិរឹងដែលជាអ្នក ទ្រទ្រង់រាងកាយ ជាហេតុធ្វើឱ្យឆ្អឹងចុះខ្សោយ យ៉ាងឆាប់រហ័ស។ ជំងឺនេះកើតមានចំពោះស្ដ្រីគ្រប់រូប នៅពេលដែលអស់រដូវ។



ជំងឺពុកឆ្អឹងជាអ្វី?


ពុកឆ្អឹងជាជំងឺម្យ៉ាង ដែលបណ្ដាលមកពីធាតុផ្សំ ជាច្រើនមុខមានការថយចុះ ដូចជាជាតិកំបោរ និងសារធាតុរឹងនៅក្នុង សារពាង្គកាយ ជាពិសេសស្ដ្រីនៅពេលអស់រដូវ។ ព្រោះជាតិខ្លាញ់ត្រូវបានកាត់បន្ថយ ហើយជាតិកំបោរក៏ថយចុះជាលំដាប់ ទើបឈានទៅដល់កើត ជំងឺពុកឆ្អឹងនេះតែម្ដង។

មូលហេតុបណ្ដាលឱ្យមានជំងឺពុកឆ្អឹង


    ជំងឺនេះកើតមានមកពីហេតុផល ធម្មជាតិជាច្រើនគួបផ្សំដូចជា ៖
  • ស្ដ្រីភាគច្រើនពេលអស់រដូវគឺឆ្អឹងចាប់ផ្ដើមថយនូវគុណភាពព្រោះទាក់ទងទៅនឹងអ័រម៉ូនក្នុងរាងកាយស្ដ្រីតែម្ដង។

  • ចំពោះបុរសវិញជំងឺពុកឆ្អឹងមិនសូវកើតមាននោះទេទោះវ័យចាស់យ៉ាងណាក៏ដោយប៉ុន្ដែក៏មានការថមថយនូវគុណភាព ឆ្អឹងខ្លះដែរ។

  • ជំងឺពុកឆ្អឹងអាចកើតចេញមកពីអ្នកជំងឺរបេងឆ្អឹងព្រោះជំងឺនេះធ្វើឱ្យឆ្អឹងពុកតែម្ដងគឺមិនបានបណ្ដាលមកពីការខ្វះនូវជាតិកំបោរនោះទេគឺមេរោគរបេងស៊ីឆ្អឹង ដែលគេហៅថារបេងក្រៅសួត។របេងឆ្អឹងនេះក៏ធ្វើឱ្យឆ្អឹងអ្នកជំងឺ មានការវិវឌ្ឍន៍ឆាប់ពុកមុនកំណត់ជាពិសេសឆ្អឹងកងខ្នង។


រោគសញ្ញាជំងឺពុកឆ្អឹង


រោគសញ្ញាជំងឺនេះ គឺផ្ដើមចេញពីការឈឺសន្លាក់ដៃជើង និងដឹងតាមរយៈការពិនិត្យឈាម រកមើលជាតិកំបោរក្នុងខ្លួន។ ស្ដ្រីអស់រដូវមានជំងឺពុកឆ្អឹង មិនបញ្ចេញនូវរោគសញ្ញា ខាងក្រៅដូចជំងឺដទៃទៀតឡើយ ទាល់តែពិនិត្យទើបឃើញតែម្ដង។ ម្យ៉ាងទៀតដើម្បីឱ្យដឹងកាន់តែច្បាស់ គេអាចថ្លឹងឆ្អឹងហើយពិនិត្យ អំពីគុណភាពឆ្អឹងថា តើជំងឺពុកឆ្អឹងនេះចូលដល់ ដំណាក់កាលណា ឬក៏ពិនិត្យឈាមរកសារជាតិកំបោរ ពេលនោះគ្រូពេទ្យនឹងឱ្យថ្នាំ ទៅតាមកម្រិតជំងឺ ដើម្បីទ្រទ្រង់ឆ្អឹងឱ្យមាន ភាពរឹងមាំជាងមុន។ លក្ខណៈបែបនេះក៏មិនមែនទូទៅនោះទេ ព្រោះស្ដ្រីមួយចំនួននៅ មានជាតិកំបោរច្រើន ក៏គុណភាពឆ្អឹងនៅរឹងមាំទៅតាមនោះដែរ។

វិធីព្យាបាលជំងឺពុកឆ្អឹង


ព្យាបាលជំងឺពុកឆ្អឹង ឱ្យមានប្រសិទ្ធភាពខ្ពស់ អ្នកជំងឺទាំងអស់គួរទទួលទាន ទឹកដោះគោដែលមានសារជាតិកាល់ស្យូម និងថ្នាំ ដែលមានជាតិកំបោរឱ្យបានទៀងទាត់។ គប្បីឧស្សាហ៍មកពិគ្រោះ ជាមួយនឹងគ្រូពេទ្យឱ្យបានទៀងទាត់។ ប៉ុន្ដែការព្យាបាលនេះមិនអាច ជាសះស្បើយមួយរយភាគរយនោះទេ តែអាចបានខ្លះដែរ ចំពោះអ្នកជំងឺដែលជួបគ្រោះថ្នាក់ផ្សេងៗ ដូចជារអិលដួល ឬប៉ះទង្គិច ផ្សេងៗដែលធ្វើឱ្យប៉ះពាល់ដល់ឆ្អឹង។

វិធីការពារជំងឺពុកឆ្អឹង


លោកអ្នកដែលមានវ័យចំណាស់ ជាពិសេសស្ដ្រីដែលអស់រដូវ ត្រូវឧស្សាហ៍ទៅពិគ្រោះជាមួយគ្រូពេទ្យ ឱ្យបានញឹកញាប់ ដើម្បីទប់ស្កាត់ជំងឺផ្សេងៗ ជាពិសេសជំងឺពុកឆ្អឹង ព្រោះស្ដ្រីភាគច្រើនស្ទើរតែ៩០ភាគរយ ទៅហើយដែលមានជំងឺពុកឆ្អឹង ព្រោះភាគ ច្រើននៃជំងឺនេះកើតឡើង ចំពោះតែស្ដ្រីដែលមាន អាយុចន្លោះពី៤៥ទៅ ៥៥ឆ្នាំ មិនអាចចៀសផុតបានឡើយ។

ផលប៉ះពាល់នៃជំងឺពុកឆ្អឹង


អ្នកជំងឺពុកឆ្អឹងងាយនឹងរង គ្រោះថ្នាក់ផ្សេងៗជាយថាហេតុ ដូចជាដួល ឬមានគ្រោះថ្នាក់ចរាចរណ៍ អាចបណ្ដាលឱ្យឆ្អឹងនោះ ឆាប់បាក់បានយ៉ាងងាយ។ តួយ៉ាងដូចជាស្ដ្រី វ័យចំណាស់មួយចំនួន គ្រាន់តែដើររអិលដួលបន្ដិចបន្ដួច ក៏អាចមានផលប៉ះពាល់ធ្ងន់ធ្ងរ ហើយប្រឈមមុខទៅនឹង ការបាក់ឆ្អឹងយ៉ាងឆាប់រហ័ស ភាពរឹងមាំនៃឆ្អឹងចុះខ្សោយ ហើយមិនអាចធ្វើការទប់ស្កាត់ ដោយវិធីសាស្ដ្រណាមួយនោះទេ។

ដំបូន្មានអ្នកជំនាញ


ដើម្បីរក្សានូវសុខភាពរបស់អ្នកជំងឺពុកឆ្អឹង គួរចៀសវាងរអិល ដួល ឬគ្រោះថ្នាក់ផ្សេងៗ ព្រោះអាចងាយរងគ្រោះបាក់ឆ្អឹង យ៉ាងឆាប់រហ័ស។ ហើយការព្យាបាលមិនងាយស្រួល ដូចឆ្អឹងមនុស្សដែលមានអាយុស្ថិតក្រោម ៣០ឆ្នាំនោះទេ ព្រោះឆ្អឹងដែលបានបាក់ ទៅហើយពិបាកតភ្ជាប់មកវិញ ព្រោះតែឆ្អឹងលោកអ្នកពុកទៅហើយ។ លោកអ្នកគួរតែទទួលទាន ទឹកដោះគោដែលមានកាល់ស្យូម និងទទួលទានថ្នាំ ដែលមានសារជាតិកំបោរ ឱ្យបានទៀងទាត់តាមវេជ្ជបញ្ជា៕


Post a Comment

Unknown said... November 23, 2014 at 10:37 PM

ខ្ញុំស្វែងរកជាយូណាស់មកហើយ​ សូមអរគុណបង...!

Unknown said... November 23, 2014 at 11:13 PM

BON THOEUN SAO:សូមអរគុណដែលបានតាមដានប្លក់យើងខ្ញុំ

 
Top