0
ពិតណាស់ លុយបានក្លាយជា វត្ថុសំខាន់ សំរាប់ជីវិតមនុស្ស គ្រប់គ្នា ព្រោះថា បើគ្មានលុយ អ្នកក៏មិនរស់ស្រួល ហូបស្រួលឡើយ ដែលគេតែង ពោលថា លុយមិនសំខាន់ទេ ប៉ុន្តែ សំខាន់គឺអត់លុយ។ យ៉ាងណាមិញ នៅក្នុងសម័យបច្ចុប្បន្ន ដែលមានសំភារៈ គ្រប់ម៉ាក គ្រប់ម៉ូដ ធ្វើឲ្យមនុស្សមួយចំនួន មានការឈ្លក់វង្វេង ហើយចាប់ផ្តើម យកលុយដែលរកបាន ចាយទៅលើរបស់ទាំងអស់នោះ តាមតែចិត្តខ្លួន ដោយមិនគិតអ្វីបន្តិចសោះ រហូតដល់ពេល គ្មានប្រាក់មួយរៀល ជាប់នឹងខ្លួន ទើបដឹងថាពិបាកយ៉ាងណា។ ប៉ុន្តែ ប្រិយមិត្តកុំបារម្ភអី យើងមានគន្លឹះ ៣ យ៉ាង ជួយឲ្យអ្នក គ្រប់គ្រងការចំនាយ បានយ៉ាងមានប្រសិទ្ធភាព ដូចខាងក្រោម ៖



១. គិត ហើយ សួរខ្លួនឯង ថាតើអ្នកពិតជាត្រូវការវាមែនឫ? ៖ កត្តាចំបង និង សំខាន់បំផុត នៅពេលដែលអ្នក ចង់ទិញអ្វីមួយដែល មានតម្លៃថ្លៃ ត្រូវគិតថា តើអ្នកទិញវា ដោយសារ តែ មិត្តភក្តិរបស់អ្នក ទិញវា ឫក៏ ទិញវា? ដោយសារតែចូលចិត្ត ហើយប្រើប្រាស់វាញឹកញាប់ ទើបធ្វើឲ្យអ្នកទិញវា ចោលឥតប្រយោជន៍? ដូច្នេះ ត្រូវចងចាំថា ប្រសិនបើអ្នកមិនច្បាស់ថា អ្នកទិញវា ដើម្បីអ្វីទេ គឺអ្នកមិនគួរទិញឡើយ។ ប៉ុន្តែ ប្រសិនបើអ្នក មានលទ្ធភាពទិញ អ្នកអាចទិញបាន ប៉ុន្តែ ត្រូវប្រាកដ ក្នុងចិត្តថាអ្នក នឹងប្រើប្រាស់វា ឲ្យបានញឹកញាប់ ដើម្បីកុំឲ្យលុយ ដែលអ្នកចំនាយ អសារបង់ចោល ឥតប្រយោជន៍។



២. កំណត់លុយ ដែលមាន នៅក្នុងកាបូប ៖ នៅពេលដែលអ្នក ដើរផ្សារទិញឥវ៉ាន់ អ្នកគួរតែ ដាក់លុយ ក្នុងកាបូប ឲ្យមានកម្រិត គឺមិនត្រូវដាក់លុយ ទាំងអស់ ដែលអ្នកមាន ក្នុងកាបូបឡើយ ជៀសវាង អ្នកទិញឥវ៉ាន់ លើសចំនួន។ ដូច្នេះ ដើម្បីសុវត្ថិភាព យកលុយ ដែលនៅសល់ ដាក់ក្នុងគណនីធនាគារ របស់អ្នក ឫ ក៏ទុកនៅផ្ទះ ។ការធ្វើបែបនេះ គឺជាវិធីសាស្រ្ត ដ៏មានប្រសិទ្ធភាព បំផុត ក្នុងការគ្រប់គ្រង ការចំនាយរបស់អ្នក។



៣. គិតថា ប្រសិនបើអត់ចំនាយ តើប្រាក់សន្សំ នឹងកើនដល់កម្រិតណា ៖ តើអ្នកធ្លាប់គិតទេថា ប្រសិនបើអ្នក មិនយកប្រាក់ ទៅចំនាយទិញរបស់ផ្សេងៗ តើលុយរបស់អ្នក សល់ប៉ុន្មានទៅ? ការគិតដូច្នេះ ធ្វើឲ្យអ្នក នឹងមិនយកលុយទៅចំនាយ លើរបស់ផ្សេងៗ បានស្រួលៗ ដូចមុនឡើយ។



ទាំងនេះ គឺជាគន្លឹះសំខាន់ៗ ទាំង ៣ យ៉ាង ដែលអាចជួយឲ្យអ្នក គ្រប់គ្រង ការចំនាយ បានល្អ។ បន្ទាប់ពីបានអានហើយ តើលោកអ្នកនឹងប្តេជ្ញាចិត្ត ធ្វើវាឲ្យបានដែរឫទេ?


Post a Comment

 
Top