0
ហិរញ្ញវត្ថុ​ ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​​ជីវិត​ប្រចាំ​ថ្ងៃ​ របស់​មនុស្ស​ម្នាក់ៗ​ ព្រោះ​បើ​កាលណា​ មាន​វិបត្តិ​ហិរញ្ញវត្ថុ​កើតឡើង​​ អ្វីៗ​ក៏​ប្រាកដ​ជា​ស្ថិត​ក្នុង​ស្ថានភាព​អាក្រក់​​។ ដោយសារតែ​ បែបនេះ​ហើយ​ បាន​ជា​ មនុស្ស​ម្នាក់ៗ​ខិត​ខំ​ធ្វើ​យ៉ាងណា​ដើម្បី​ បញ្ចៀស​វិបត្តិ​ហិរញ្ញវត្ថុ​ឲ្យបាន​ តាម​រយៈ​ការ​រៀបចំ​ផែនការ​ផ្សេងៗ​ ទៅតាម​ស្ថានភាព​ជាក់ស្តែង។ ខាង​ក្រោម​នេះ​ គឺជា​ចំនុច​សំខាន់​មួយចំនួន​ ដែល​អាច​ជួយ​អ្នក​មិន​ឲ្យ​មាន​បញ្ហា​ហិរញ្ញវត្ថុ៖
១) ធ្វើបញ្ជី​ចំណូល​ចំណាយ​ឲ្យ​ច្បាស់​លាស់
ហេតុ​ផល​មួយ​សំខាន់​ ដែល​ធ្វើ​ឲ្យ​មនុស្ស​ភាគច្រើន​ ជួប​បញ្ហា​ហិរញ្ញវត្ថុ​នោះ គឺ​ដោយសារតែ​ពួកគេ​ចំណាយ​ច្រើន​ជាង​ចំណូល​ដោយ​មិន​ដឹង​ខ្លួន។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ អ្នក​គូរ​តែ​រៀបចំ​របាយការណ៍​ឲ្យបាន​ច្បាស់លាស់​ ដោយ​កត់ត្រា​ ចំណូល និង ការ​ចំណាយ​របស់​អ្នក​។ ការ​ធ្វើ​បែប​នេះ អាច​បង្ហាញ​អ្នក​ថា គួរ​ប្រើប្រាស់​ថវិកា​យ៉ាង​ដូចម្តេច​ដើម្បី​ កុំ​ឲ្យ​លើស​ពី​ចំណូល​ ព្រោះ បើ​មិន​ដូច្នេះ​ទេ​ប្រាកដ​ជា​មាន​បញ្ហា​នៅ​ថ្ងៃ​ក្រោយ។
២) ព្យាយាម​សន្សំ​លុយ​តាម​តែ​អាច​ធ្វើ​ទៅ​បាន
បើ​ទោះបីជា អ្នក​អាច​រក​ចំណូល​បាន​ច្រើន​ក្នុង​មួយ​ខែៗ ប៉ុន្តែ​ប្រសិន​ មិន​សន្សំ​វា​ឲ្យបាន​ល្អ​ទេ អ្នក​គ្មាន​ថ្ងៃ​អាច​ សល់​លុយ​ច្រើន​បាន​ឡើយ។ មិន​ត្រឹម​ប៉ុណ្ណោះ​ វា​ក៏​ធ្វើ​ឲ្យ​អ្នក​ខ្វះខាត​លុយ​ ​នៅពេល​ដែល​ត្រូវ​ការ​ចំណាយ​លើ​អ្វី​សំខាន់​ក្នុង​ពេល​ណា​មួយ​មិនខាន។ ដូច្នេះ​ហើយ គួរ​តែ​ព្យាយាម​គិតគូរ​សន្សំសំចៃ​ មុន​ពេល​បញ្ហា​ធ្ងន់ធ្ងរ​កើតឡើង​។
៣) សងបំណុល​ឲ្យ​ទាន់​ពេល​វេលា
​​​​ការ​ជំពាក់​បំណុល​ គេ​មិនមែន​ជា​រឿង​ល្អ​ប៉ុន្មាន​នោះ​ទេ តែ​វា​ក៏​មិនអាច​ជៀស​រួច​នោះ​ទេ ក្នុង​ឆាកជីវិត​មនុស្ស​ម្នាក់ៗ ជាពិសេស​សម្រាប់​អ្នក​ដែល​ត្រូវការ​ធ្វើជំនួញ។ ​យ៉ាងណាក៏ដោយ​ ​ក្នុង​ស្ថានភាព​នេះ អ្នក​ត្រូវ​តែ​ខិតខំ​ឲ្យបាន​ខ្លាំង​បំផុត​ ដើម្បី​ធ្វើ​ឲ្យ​បំណុល​នេះ ផ្តល់​ផលប្រយោជន៍​លើ​មុខជំនាញ​ ហើយ​ដើម្បី​មានលទ្ធភាព​​សងបំណុល​វិញ​ទៅ​តាម​កាល​កំណត់​។ បញ្ហា​កាន់​តែ​ធ្ងន់ធ្ងរ​ ប្រសិនបើ​ អ្នក​គ្មាន​លទ្ធភាព​សងបំណុល​គេ​វិញ​ទៅតាម​ពេលវេលា​កំណត់​ ។
៤) រក្សា​សុខភាព​ឲ្យ​បាន​ល្អ
ត្រង់​ចំណុច​នេះ ប្រហែល​ជា មាន​អ្នកខ្លះ​ឆ្ងល់​ថា ហេតុ​អ្វី​ក៏​លើក​យក​ ការ​រក្សា​សុខភាព​ឲ្យ​បាន​ល្អ ជា​យុទ្ធសាស្ត្រ​មួយ​ ក្នុង​ការ​បញ្ចៀស​វិបត្តិ​ហិរញ្ញវត្ថុ។ បើ​យើង​គិត​ឲ្យបាន​យូរ​បន្តិច​ សុខភាព​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ ព្រោះ​បើ​អ្នក​មាន​សុខភាព​ល្អ ប្រាកដ​ណាស់​ថា ​មាន​អ្វី​ត្រូវ​ចំណាយ​លើ​ការ​ព្យាបាល​នោះ​ឡើយ។ ប៉ុន្តែ​បើ​អ្នក​មិនបាន​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ ហើយ​មាន​ជម្ងឺ​ធ្ងន់ធ្ងរ​កើត​ឡើង នោះ​អ្នក​នឹង​ត្រូវ​ចំណាយ​លុយ​មិន​ចេះ​តិច​ ដើម្បី​ព្យាបាល ហើយ​ពេល​ខ្លះ​រហូត​ដល់​ជំពាក់​លុយ​គេ​ច្រើន​ទៀត​ផង​។ ដូច្នេះ គួរ​ព្យាយាម​ថែរក្សា​សុខ​ភាព​ឲ្យ​បាន​ល្អ​បំផុត​តាម​តែ​អាច​ធ្វើ​ទៅ​បាន​ ដើម្បី​បញ្ចៀស​វិបត្តិ​ហិរញ្ញវត្ថុ៕

Post a Comment

 
Top