0


ម្ចាស់អាជីវកម្មទូទៅពិតជាចង់យកឈ្នះគូប្រជែងរបស់ខ្លួន និង ចង់ឲ្យមានអតិថិជនមកប្រើប្រាស់សេវាកម្មរបស់ខ្លួនកាន់តែច្រើនកាន់តែល្អ។ នេះជាបំណងប្រាថ្នាមួយក៏ពិតមែន តែបញ្ហាត្រង់ថា តើត្រូវធ្វើដូចម្តេចខ្លះដើម្បីសម្រេចបំណងនេះបាន? ឆ្លើយតបនឹងសំនួរនេះ សូមមិត្តអ្នកអាន ជាពិសេសម្ចាស់អាជីវកម្មទាំងឡាយ សាកល្បងអនុវត្តគន្លឹះខ្លីៗចំនួន៣ ជាមួយ Khmer Likes ទាំងអស់គ្នានៅថ្ងៃនេះ ពីយុទ្ធសាស្ត្រទាក់ទាញអតិថិជន ដែលមានដូចខាងក្រោមនេះ៖

១) ការផ្តល់ជូនអតិថិជនត្រូវតែធ្វើឲ្យខុសប្លែកពីគូប្រជែង
ទោះបីជាអាជីវកម្មរបស់ដូចគ្នាទៅគូប្រជែង តែអ្នកត្រូវចាំថា ការផ្តល់ជូនសេវាកម្មរបស់ត្រូវតែធ្វើឲ្យ"ខុសប្លែក"ពីគូប្រជែង។ សហគ្រិនថ្មីថ្មោងអាចជួបបញ្ហាមួយចំនួន ដូចជាពុំមានអតិថិជនច្រើនចំណាប់អារម្មណ៍ទៅនឹងអាជីវកម្មថ្មីរបស់ខ្លួន តែបញ្ហានេះអាចកែបាន ពោលគឺអ្នកអាចពង្រីកពេលវេលាលក់ផលិតផល ឬសេវាកម្មឲ្យបានយូរជាងគូប្រជែង។

ជម្រើសផ្សេងទៀតក្រៅពីនេះ គឺការបង្កើត "ជម្រើសសេវាកម្ម" សម្រាប់ផ្តល់ជូនអតិថិជនឲ្យបានកាន់តែច្រើន។ ឧទាហរណ៍ បើអ្នកចង់បើកសេវាកម្មថតរូប អ្នកគួរតែបង្កើតជម្រើសប្រភេទរូបថតឲ្យបានច្រើនប្រភេទ ឬ ទំហំ តាមតែអាចធ្វើបាន ដូចជាប្រភេទ(៣x៤ ៤x៦...) ការបោះពុម្ពរូបភាព ១៦x២០ សេវាកម្មបោះពុម្ពជា 3D និង សេវាកម្មផ្សេងទៀតដែលអ្នកអាចផ្តល់ជូនបាន។ អ្នកត្រូវយល់ថា ជម្រើសសេវាកម្មរបស់អ្នកផ្តល់ជូនអតិថិជនកាន់តែច្រើន នឹងធ្វើឲ្យអតិថិជនមានចំណាប់អារម្មណ៍កាន់តែច្រើន ហើយទីបំផុតពួកគេនឹងជ្រើសរើសជម្រើសសេវាកម្មយ៉ាងសំបូរបែបណាមួយរបស់អ្នក។ វាមិនបានធ្វើឲ្យអ្នកចំណាយច្រើននោះឡើយ តែវាបាននាំមកនូវគុណតម្លៃជាច្រើនទៀតដល់អតិថិជនដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ភាពលូតលាស់អាជីវកម្មរបស់អ្នក។

២) បង្កើនតម្លៃសេវាកម្មរបស់អ្នកឲ្យបានខ្ពស់ជាងគូប្រជែងបន្តិច
មកដល់ចំណុចនេះ លោកអ្នកប្រហែលជាគិតថា វាជារឿងខុសឆ្គងដែលហ៊ានលក់សេវាកម្មរបស់ខ្លួនឲ្យ "ខ្ពស់ជាង" គូប្រជែង ខណៈគូប្រជែងកំពុងតែឡើងកូដស្រាប់នោះ។ ការពិតវាមិនមែនដូច្នេះនោះឡើយ តែវាជាយុទ្ធសាស្ត្រដ៏ល្អមួយទេតើ! ឥឡូវនេះដល់ពេលដែលលោកអ្នកមកស្វែងយល់ពីចំណុចនេះទាំងអស់គ្នាថា បើអ្នកមិនឲ្យតម្លៃសេវាកម្ម ការខិតខំព្យាយាម បទពិសោធន៍ និង ផលិតផលចុងក្រោយរបស់អ្នក អ្នកដទៃក៏មិនឲ្យតម្លៃសេវាកម្មរបស់អ្នកដូចគ្នា។ អ្នកគ្រាន់តែបង្កើនតម្លៃនៅពេលណាដែលគូប្រជែងរបស់អ្នកគ្មានលទ្ធភាព ឬ សមត្ថភាពផ្តល់សេវាកម្មឲ្យគ្រប់គ្រាន់នៅលើទីផ្សារតែប៉ុណ្ណោះ។ ប៉ុន្តែបើ អាចទៅរួចសូមអ្នកគិតឲ្យបានច្បាស់ថា អ្នកក៏មិនត្រូវបញ្ចុះតម្លៃសេវាកម្មរបស់ខ្លួន ហើយស្រវាទៅឆក់យកឱកាសបញ្ចេញ ឬ បង្កើនការលក់ឲ្យបានច្រើនជាងមុននោះឡើយ។

ការបង្កើនតម្លៃនៅពេលនេះ គឺនៅពេលដែលអ្នកដឹងថា សេវាកម្មរបស់អ្នកពិតជាគួរឲ្យតម្លៃពិតៗជាងគូប្រជែង ហើយត្រូវជឿជាក់ថាសេវាកម្មដែលល្អកម្រមានអតិថិជនបោះបង់ចោលជាដាច់ខាត។ រីឯអតិថិជនដែលត្រូវការសេវាកម្មថោកៗវិញ ក៏មិនមែនជាអតិថិជនគួរឲ្យទុកចិត្ត និង រកស៊ីជាមួយគ្នាបានយូរអង្វែងដែរ ត្បិតអីពួកគេប្រើប្រាស់សេវាកម្មដែលថោកមួយក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។
៣) បង្កលក្ខណៈងាយស្រួលផ្តល់សេវាកម្មដល់អតិថិជនតាមតែអាចធ្វើបាន
នេះជាគុណសម្បត្តិមិនអាចកាត់ថ្លៃបាននៅក្នុងកិច្ចការអាជីវកម្មធ្វើឲ្យអ្នកយកឈ្នះគូប្រជែង បើអ្នកអាចធ្វើបានទៅកាន់អតិថិជនមែននោះ។ ជាទូទៅអតិថិជនដែលមានសក្ដានុពល ពេញចិត្តសេវាកម្មរបស់អ្នកនៅពេលដែលអ្នកបង្ក"លក្ខណៈងាយស្រួល និង មានទំនូលខុសត្រូវទៅកាន់ចម្ងល់ និង រាល់តម្រូវការ" របស់អតិថិជនបានគ្រប់ពេលវេលាយ៉ាងមានប្រសិទ្ធភាព។

ងាកទៅកាន់អតិថិជនចំណូលថ្មីវិញ បើអ្នកចង់ពង្រីកទំនាក់ទំនងទៅកាន់ពួកគេកាន់តែច្រើនឡើងបន្ថែមទៀត អ្នកអាចអនុវត្តវិធីសាមញ្ញៗតែមានប្រសិទ្ធភាពខ្ពស់ដោយគ្រាន់តែឆ្លើយសាររាល់ ចម្ងល់ មតិវាយតម្លៃ តាមរយៈទូរស័ព្ទ អ៊ីមែល ឬ បណ្ដាញសង្គមៗផ្សេងៗ ត្បិតអីសកម្មភាពទាំងនេះបង្ហាញពីការយកចិត្តទុកដាក់របស់អ្នក។ វិធីសាស្ត្រនេះមើលទៅវាមិនមែនជារឿងលំបាកនោះឡើយ ហើយវាក៏មិនមែនធ្វើឲ្យអ្នកខាតបង់អ្វីដែរ ផ្ទុយទៅវិញវាបានផ្តល់មកវិញនូវអ្វីដែលជាកង្វះខាត ឬ ចំណុចខ្សោយរបស់អ្នក ធ្វើឲ្យអ្នកអាចរកឃើញពីជម្រើសផ្សេងក្រៅពីនេះដែលល្អជាងមុនទៀតផង។ ប៉ុន្តែ សូមចាំថា ការទំនាក់ទំនងទាំងនេះត្រូវតែងាយស្រួល មានន័យគ្រប់គ្រាន់ ប្រៀបដូចជាអ្នកយល់ចិត្តថ្លើមគ្នាទៅវិញទៅមកជាមួយគូស្នេហ៍ដែរ។ នេះហើយជាធាតុផ្សំនៃយុទ្ធសាស្ត្រធ្វើអាជីវកម្ម ដែលសុទ្ធតែអ្នកអាចធ្វើបានដើម្បីអន្ទងចិត្តអតិថិជនឲ្យមកចាប់អារម្មណ៍សេវាកម្មរបស់អ្នក៕

សូមអរគុណ! ៖ TheBNEWS

Post a Comment

 
Top