0
ពិតណាស់ មនុស្សភាគច្រើន ប្រហែលជាគិតថា ចរិកលក្ខណៈរបស់មនុស្សម្នាក់ៗ ពិតជាពិបាក ឬ មិនអាចកែប្រែបានឡើយ ប៉ុន្តែយ៉ាងណាមិញ ចរិកលក្ខណៈរបស់មនុស្សម្នាក់ ពិតជាអាចផ្លាស់ប្តូរបាន។ មនុស្សដែលមានអត្តចរិកល្អ គឺតែងតែ ទទួលជោគជ័យ មិនថា នៅកន្លែងធ្វើការ ឫ ក៏នៅជាមួយមិត្តភក្តិ , ក្រុមគ្រួសារ និង គូស្នេហ៍នោះទេ។ ដូច្នេះ ប្រិយមិត្ត អាចកែប្រែអត្តចរិក របស់លោកអ្នក ឲ្យកាន់តែប្រសើរ តាមរយៈគន្លឹះសាមញ្ញាទាំង ១០ ជំហ៊ាន ដែលខ្មែរឡាយខ៍ នឹងបង្ហាញជូន ដូចខាងក្រោម ៖
១. ធ្វើជាអ្នកស្តាប់ ៖ វាជារឿងសំខាន់ណាស់ ដែលលោកអ្នក គួរតែស្តាប់យ៉ាង យកចិត្តទុកដាក់ នូវអ្វីដែលអ្នកដទៃ កំពុងនិយាយ។ ម្យ៉ាងវិញទៀត អ្នកគួរតែ មើលឲ្យចំភ្នែក អ្នកនោះ ឲ្យបានល្អ ព្រោះវាអាច ធ្វើឲ្យ ពួកគេកាន់តែ ចង់និយាយ ជាមួយអ្នកទៀត។


២. គិតក្នុងផ្លូវវិជ្ជមាន ៖ គ្មាននរណាម្នាក់ ចង់នៅជិត មនុស្ស ដែលតែងតែរអ៊ូរ និង គិតតែផ្លូវ អវិជ្ជមាននោះទេ។ ការគិត ក្នុងផ្លូវអវិជ្ជមាន នេះទៀតសោត នឹងធ្វើឲ្យអ្នកស្ថិត នៅក្នុង ភាពងងឹត ពិភពលោក អាប់អ៊ួរ ដូច្នេះ អ្នកចាំបាច់ ត្រូវតែដោះស្រាយ បញ្ហានិមួយៗ ក្នុងផ្លូវវិជ្ជមាន ជានិច្ច និង មិនត្រូវ គិតពីអ្នកដទៃ ក្នុងផ្លូវអាក្រក់ឡើយ។


៣. អានច្រើន និង ដឹងច្រើន ៖ តើអ្នកដឹងទេថា ប្រសិនបើអ្នក មិនសូវ ដឹងរឿងច្រើនទេ អ្នកពិតជា មិនអាច ប្រាស្រ័យទាក់ទងជាមួយ អ្នកដទៃបានល្អឡើយ។ ប៉ុន្តែអ្នកអាច បង្កើនការយល់ដឹង បានដោយ អានឲ្យបានច្រើន។ នៅពេលដែលអ្នក អានកាន់តែច្រើន ការយល់ដឹងរបស់អ្នក កាន់តែកើនឡើង ដូច្នេះ ពេលដែលអ្នក ធ្វើការទំនាក់ទំនង ជាមួយអ្នកដទៃ អ្នកនឹងក្លាយជាមនុស្ស ដ៏មានប្រយោជន៍ម្នាក់។


៤. ជឿជាក់លើខ្លួនឯង ៖ នេះជារឿង ដ៏សំខាន់មួយ ដែលលោកអ្នក គួរតែមាន ទំនុកចិត្ត លើខ្លួនឯង រាល់គ្រប់ស្ថានភាពទាំងអស់។ ប៉ុន្តែត្រូវចងចាំថា ការជឿលើខ្លួនឯង មិនមែន ឲ្យអ្នកគិតថាខ្លួន ឆ្លាតជាង អ្នកដទៃឡើយ ខណៈដែលរូបអ្នក មិនស្ថិត នៅក្នុងស្ថានភាពដូច្នោះ ផងនោះ។ ដូច្នេះ អ្នកមិនចាំបាច់ អួត និង បង្ហាញថា ខ្លួនឯងល្អ ឫ ក៏ឆ្លាតឡើយ ពីព្រោះអ្នក ដែលស្រលាញ់រាប់អានអ្នក នឹងមើលឃើញ តម្លៃ ពិតចេញពីក្នុងខ្លួនអ្នក។


៥. ចេះលេងសើច ៖ មនុស្សគ្រប់គ្នា តែងតែ ចង់នៅជិត មនុស្ស ដែលអាចធ្វើឲ្យ ពួកគេ សប្បាយរីករាយ។ ដូច្នេះ អ្នកគួរតែ ចេះលេងសើច បន្តិចបន្តួច ដែលនេះ គឺជាគន្លឹះសំខាន់ ធ្វើឲ្យអ្នកដទៃ កាន់តែចង់ ប្រាស្រ័យទាក់ទង ជាមួយអ្នក និងធ្វើឲ្យមនុស្ស ដែលកំពុង មានទុក្ខ អាចធូរស្បើយបានខ្លះ។


៦. អាចធ្វើការសន្ទនាបានល្អ ៖ នៅពេលអ្នក ដឹងកាន់តែច្រើន អ្នកក៏អាច ធ្វើការសន្ទនា ជាមួយមនុស្ស ដទៃទៀត បានយ៉ាងល្អដែរ។ ដូច្នេះ ប្រសិនបើអ្នក មានការខ្មាសអៀន ក្នុងការចែករំលែក នូវចំណេះដឹង ដែលអ្នកមាន នោះវានឹងអាច ធ្វើឲ្យប៉ះពាល់ ដល់ចរិកលក្ខណៈ របស់អ្នក។


៧. ជួយអ្នកដទៃ ៖ តើអ្នកដឹងទេថា ការជួយអ្នកដទៃ តាមដែលអាច ធ្វើទៅបាន គឺជាកត្តា ដ៏ល្អបំផុត ក្នុងការធ្វើឲ្យអ្នក ក្លាយជាមនុស្សមាន អត្តចរិកល្អ ព្រោះ នៅពេលដែលអ្នក ជួយគាំទ្រអ្នកដទៃ ទាំងផ្លូវកាយ និង ផ្លូវចិត្ត នោះពួកគេនឹង ស្រលាញ់ចូលចិត្តអ្នក តែម្តង។ ម្យ៉ាងវិញទៀត នៅពេលដែលអ្នក អាចជួយអ្នកដទៃបាននោះ អារម្មណ៍របស់អ្នក ក៏ស្រស់ថ្លា ទៅតាមនោះដែរ។


៨. ចេះគោរពអ្នកដទៃ ៖ វាជាការចាំបាច់ ដែលអ្នកត្រូវតែចេះ គោរពអ្នកទៃ និង ខ្លួនឯង។ ពិតណាស់ មិនមែន មនុស្សគ្រប់គ្នា ដែលនៅជុំវិញអ្នក សុទ្ធតែ ជាមនុស្សសំខាន់ ចំពោះអ្នកគ្រប់គ្នានោះទេ ប៉ុន្តែ វាជារឿងសំខាន់ ដែលអ្នកត្រូវ គោរពអ្នកដទៃ ស្មើៗគ្នា។ ម្យ៉ាងវិញទៀត នៅពេលដែលអ្នក កាន់តែគោរពអ្នកដទៃ អ្នកនឹងទទួលបាន ការគោរពពីដទៃ ដូចគ្នា ដែលធ្វើឲ្យអ្នក ក្លាយជាមនុស្ស ដែលមានអត្តចរិកល្អ។


៩. ស្គាល់មនុស្សថ្មី ៖ តើអ្នកដឹងទេថា ការស្គាល់មនុស្សថ្មី កាន់តែច្រើន នឹងធ្វើឲ្យអ្នក យល់កាន់តែច្បាស់ ពីសង្គម ពីព្រោះមនុស្សម្នាក់ៗ មានអត្តចរិក ខុសៗគ្នា។ អ្វីដែលកាន់តែ គួរឲ្យចាប់អារម្មណ៍ទៀតនោះ គឺថា មនុស្សថ្មីទាំងនោះ នឹងអាចកែប្រែ អត្តចរិក របស់អ្នក កាន់តែប្រសើរឡើង បានទៀតផង។


១០. មានគំនិតយោបល់ ៖ ការសន្ទនា នឹងគ្មានន័យអ្វីទាំងអស់ ប្រសិនបើអ្នក គ្មានយោបល់ ដើម្បីបន្តវាទេ។ ការមានគំនិតយោបល់ ទៅកាន់មនុស្ស ដែលកំពុង សន្ទនា ជាមួយអ្នក គឺជាកត្តាសំខាន់បំផុត។ ដូច្នេះ ត្រូវចងចាំថា ការបញ្ចេញយោបល់ គឺអាចឲ្យអ្នក ពង្រីកនូវវិសាលភាព របស់គំនិត មនុស្សម្នាក់ទៀត ដែលអាចធ្វើឲ្យអ្នក ក្លាយជាមនុស្ស ដ៏មានសក្តានុពល។


ទាំងនេះ គឺជា គន្លឹះសាមញ្ញទាំង ១០ ជំហ៊ាន ដែលអាចជួយ កែប្រែ អត្តចរិក របស់អ្នកកាន់តែ ល្អប្រសើរ៕


Post a Comment

 
Top