មេរោគ អេបូឡា (Ebola)
អេបូឡា គឺជាអ្វី?
មេរោគ អេបូឡា អេបូឡា (Ebola) គឺជាមេរោគមរណៈមួយ ដែលអាចឆក់យកជីវិតមនុស្សយ៉ាងឆាប់រហ័ស និងសាហាវជាទីបំផុត។ មេរោគនេះផ្ទុះឡើងដំបូងនៅឆ្នាំ ១៩៧៦ នៅទីតាំងពីរកន្លែងផ្សេងគ្នា។ ទីតាំងទីមួយ គឺកើតឡើងនៅក្នុងភូមិមួយក្បែរទន្លេ Ebola (យកធ្វើជាឈ្មោះមេរោគ) នៅក្នុងសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ ចំណែកឯទីតាំងទីពីរ គឺនៅតំបន់ដាច់ស្រយាលមួយនៃសាធារណរដ្ឋស៊ូដង់។
បច្ចុប្បន្ន ពិភពលោកកំពុងមានការព្រួយបារម្ភជាខ្លាំង ដោយសារការផ្ទុះឡើងសាជាថ្មីនៃមេរោគដ៏កាចសាហាវមួយនេះ ដោយក្នុងឆ្នាំ ២០១៤ មានមនុស្សជិតមួយពាន់នាក់ហើយបានបាត់បង់ជីវិតនៅតំបន់អាហ្វ្រិកខាងលិច។ គេនៅមិនដឹងថាមេរោគមួយនេះ កើតឡើងមកពីអ្វីនៅឡើយទេ ប៉ុន្តែតាមការសន្និដ្ឋាន ប្រជៀវមួយប្រភេទបានចម្លងមេរោគនេះដល់សត្វផ្សេងៗទៀត ហើយវាក៏បានចម្លងមកដល់មនុស្ស។ ប្រសិនបើមេរោគនេះ រីករាលដាលមកដល់តំបន់ផ្សេងទៀតនោះ វានឹងបង្កគ្រោះធំមិនខាន។ មកដល់ពេលនេះ អ្នកវិទ្យាសាស្ត្រមិនទាន់រកឃើញវ៉ាក់សាំងការពារមេរោគនេះទេ ប៉ុន្តែមានវិធីមួយចំនួនដែលអាចបង្ការការឆ្លងបាន។
រោគសញ្ញា
មុនដំបូងអ្នកជំងឺនឹងទទួលរងអាការៈគ្រុនភ្លាមៗដោយមិនដឹងមូលហេតុ បន្ទាប់មកចាប់ផ្ដើមចុះទន់ខ្សោយខ្លាំង ឈឺចាប់សាច់ដុំ ឈឺក្បាល និងឈឺបំពង់ក។ ក្រោយមកវាក៏វិវត្តន៍ទៅរកស្ថានភាពធ្ងន់ធ្ងរដោយមានការក្អួតចង្អោរ រាគ និងមានកន្ទួលក្រហមជាច្រើនគួរអោយខ្លាច។ ក្រៅពីនេះ អេបូឡានឹងធ្វើឲ្យតម្រងនោម ថ្លើមចុះខ្សោយ ហើយករណីមួយចំនួនអាចមានការហូរឈាមនៅតាមអវយវៈផ្សេងៗ ទាំងក្នុងទាំងក្រៅ។ ចាប់ពីពេលឆ្លងមេរោគនេះរហូតដល់ចេញរោគសញ្ញា មានរយៈពេលពី ២ ទៅ ២១ ថ្ងៃប៉ុណ្ណោះ។
ការឆ្លង
មេរោគនេះអាចឆ្លងបានតាមឈាម ទឹកមាត់ កម្អួត លាមក រួមទាំងសារធាតុរាវទាំងឡាយដែលមាននៅលើខ្លួនមនុស្ស និងសត្វ ដែលផ្ទុកមេរោគនេះ។ នៅពេលដែលនរណាម្នាក់នៅក្នុងសហគមន៍មានផ្ទុកមេរោគអេបូឡា ការរីករាលដាលនឹងកើតឡើងយ៉ាងឆាប់រហ័ស ពីមនុស្សម្នាក់ទៅមនុស្សតាមរយៈភ្នាសកោសិកាស្បែកដែលខូច ទឹករងៃដែលកើតចេញពីដំបៅ និងសារធាតុរាវផ្សេងៗទៀត។ សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃរបស់អ្នកជំងឺ គឺជាប្រភពមេរោគដ៏គ្រោះថ្នាក់បំផុត។ ប្រជាជននៅអាហ្វ្រិកមួយចំនួនឆ្លងមេរោគអេបូឡាតាមរយៈសត្វព្រៃ ដូចជាសត្វស្វាហ្គោរីឡា និងប្រជៀវ ដែលជាប្រភពនៃមេរោគដំបូងបំផុត។ ការប៉ះពាល់ និងការបរិភោគសាច់សត្វព្រៃដែលមានផ្ទុកមេរោគអេបូឡា សុទ្ធតែអាចចម្លងមកខ្លួនយើងបានទាំងអស់។
វិធីបង្ការ
១. រក្សាអនាម័យជាប្រចាំ
វិធីបង្ការមេរោគអេបូឡា ក៏ដូចជាមេរោគផ្សេងៗទៀតដែរ សំខាន់បំផុតគឺត្រូវលាងសម្អាតដៃឲ្យបានស្អាតបំផុត ដោយប្រើប្រាស់សាប៊ូ និងទឹក ឫទឹកលាងសម្អាតដៃដែលមានសារជាតិអាល់កុល។
២. ជៀសវាងទៅតំបន់ដែលផ្ទុះមេរោគ
មុនពេលធ្វើដំណើរទៅទ្វីបអាហ្វ្រិក ត្រូវស្វែងរកព័ត៌មានពីតំបន់ដែលមានការរីករាលដាលមេរោគប្រភេទនេះ ដោយអាចរកបានតាមរយៈគេហទំព័ររបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (ចុចមើល) ដែលនឹងបង្ហាញលោកអ្នកពីតំបន់ផ្ទុះឡើងនៃមេរោគអេបូឡា។
៣. ជៀសវាងការទាក់ទងជាមួយមនុស្សដែលឆ្លងជំងឺនេះ
ត្រូវនៅដាច់ឆ្ងាយពីមនុស្សដែលទទួលរងការវាយប្រហារដោយអេបូឡា ព្រោះមេរោគនេះងាយឆ្លងបំផុតតាមរយៈការប៉ះពាល់ដោយផ្ទាល់លើរាងកាយរបស់អ្នកជំងឺ។
៤. សាកសពមនុស្សដែលស្លាប់ដោយមេរោគអេបូឡាក៏នៅតែឆ្លងដែរ ដូចនេះមិនត្រូវប៉ះពាល់ជាដាច់ខាត សូម្បីសម្ភារៈដែលអ្នកជំងឺនោះប្រើប្រាស់ក៏ដោយ។
៥. ប្រសិនបើអ្នកត្រូវទៅជិតអ្នកជំងឺ គួរប្រើសម្លៀកបំពាក់ការពារជិតៗ ពាក់ស្រោមដៃ ពាក់ម៉ាស និងរបាំងការពារភ្នែក។
៦. ជៀសវាងការប្រើប្រាស់ម្ជុលដែលប្រើរួច និងសម្ភារៈវេជ្ជសាស្ត្រដែលមិនទាន់បានលាងសម្អាតមេរោគ។
៧. ជៀសវាងទទួលទានសាច់សត្វព្រៃ ឫសាច់ឆៅ
រក្សាអនាម័យទាំងអស់គ្នាដើម្បីសុខភាពសូមទទួលយកបំណងល្អពីខ្មែរឡាយខ៍
Post a Comment
Post a Comment