0
ពិធីកាត់សក់បង្កក់ឆ្មប គឺជាពិធីមួយដែលចាស់ទុំខ្មែរក្នុងសម័យមុន លោកបានឲ្យអត្ថន័យជាសំខាន់ទៅលើការប្រសិទ្ធិនាម ឬដាក់ឈ្មោះឲ្យដល់កូនខ្ចី ឬទារកដែលទើបតែកើតនោះ ពីព្រោះគេមានជំនឿថា ឈ្មោះគឺជាតំណាងឲ្យគោត្រត្រកូល ឬវង្សត្រកូល ហើយនិងក៏ជាការកំណត់ដល់ជោគវាសនា អនាគតរបស់កូនតូចនោះ។ ប្រសិនបើគេដាក់ឈ្មោះ ឬផ្ដល់នាមឲ្យមិនត្រឹមត្រូវតាមក្បួនតម្រា គឺនាំឲ្យកូនតូចនោះដល់ពេលធំឡើងអាចនឹងមានបញ្ហាផ្សេងៗ។ ប៉ុន្តែបើគេដាក់ឈ្មោះតាមក្បួនតម្រាល្អត្រឹមត្រូវ ពេលនោះគេរំពឹងថា ដល់ថ្ងៃក្រោយកូនតូចនោះនឹងក្លាយទៅជាមនុស្សមានវាសនាល្អ។


ម្យ៉ាងវិញទៀត ពិធីនេះគេក៏ចាត់ទុកថាមានសារសំខាន់ណាស់ ពីព្រោះជាថ្ងៃផ្ដល់មង្គលដ៏ល្អប្រសើរ ឬជាមង្គលទី១ សម្រាប់ការរស់រានមានជីវិតជាលើកដំបូងរបស់ទារក និងជាការសំដែងការដឹងគុណមាតាបិតា ហើយនិងឆ្មបដែលបានជួយសម្រាល និងផ្ដល់កំណើតកូន។ នៅក្នុងទំនៀមទម្លាប់ប្រពៃណីខ្មែរពីបុរាណ តែកាលណាទារកកើតមកបានរវាង ៧ថ្ងៃ ឬកន្លះខែ ឬក៏មួយខែគេតែងតែរៀបចំធ្វើពិធីមួយហៅថា «កាត់សក់ បង្កក់ឆ្មប»

ដើម្បីជួយប្រោះព្រំផ្ដល់ពរជ័យសិរីសួស្ដីដល់ទារកដែលបានមកកើតមានជីវិតថ្មីនៅក្នុងត្រកូលគ្រួសារម្នាក់ៗ។ ពេលដែលគេប្រសិទ្ធិនាមផ្ដល់ពរជ័យដល់ទារក ពេលនោះគឺគេរៀបចំពិធីកាត់សក់ទារកជាមុនសិន ពីព្រោះគេយល់ថា សក់ដែលទើបនឹងកើតនោះ គឺជាសក់ព្រៃមិនល្អ។ អ្នកស្រី កែវ ណារុំ បណ្ឌិតទស្សនវិជ្ជា វិទ្យាសាស្ត្រសិល្បៈ បានមានប្រសាសន៍ថា ជំនឿកាត់សក់ព្រៃរបស់ទារកនេះ គឺដូនតាលោកប្រៀបប្រដូចថា ជាមនុស្សព្រៃមិនសូវដឹងខុសត្រូវ ដូច្នេះគប្បីកាត់កោរចេញទើបអាចជាមនុស្សជានា និងមានមង្គលសិរីសួស្ដី៖ «កាត់សក់ហ្នឹងគឺគេកាត់នៅកន្លែងកំប៉ោយបន្តិចហ្នឹង ហើយគេដាក់កន្ទោង ដាក់បង្អែមចម្អាបទៅ ហើយយកទៅដាក់មុខផ្ទះ ដើម្បីប្រកាសជម្រាបជូនម្ចាស់ទឹក ម្ចាស់ដីហ្នឹងឲ្យដឹងពីបញ្ហាដែលថា មានមនុស្សថ្មីទៀតមកនៅហើយ ហើយបានកាត់សក់ចេញហ្នឹងគឺជាសក់ព្រៃ»។


ចំពោះពាក្យថា បង្កក់ឆ្មប គឺចាស់ទុំខ្មែរលោកដៅជាសំខាន់ទៅលើការគោរពដឹងគុណឆ្មបដែលបានជួយសង្គ្រោះដល់ម្ដាយ និងទារកឲ្យបានសម្រាល ឬឲ្យបានឆ្លងទន្លេរួចរស់រានមានជីវិត។ ការគោរពដឹងគុណឆ្មបនាសម័យនោះ ក្រៅពីគេនាំគ្នាសំដែងទឹកចិត្តគោរពដឹងគុណគឺ មាតាបិតា ឬក្រុមគ្រួសាររបស់ទារកបានរៀបចំគ្រឿងរណ្ដាប់ផ្សេងៗដើម្បីជូនឆ្មបដូចជា ស្រូវ អង្ករ ម្ហូបអាហារ សំពត់ ឬខោអាវ និងប្រាក់កាសជាដើម។ អ្នកស្រីបណ្ឌិត កែវ ណារុំ បានមានប្រសាសន៍បន្តថា ដូនតាខ្មែរនាសម័យបុរាណលោកបានធ្វើពិធីកម្មគោរពដឹងគុណចំពោះឆ្មប ឬហៅថា កាត់សក់បង្កក់ឆ្មប នោះគឺ ដើម្បីផ្សារភ្ជាប់នូវភាពជិតស្និទ្ធ ឬជួយបណ្ដុះគំនិតអប់រំដល់ឪពុកម្ដាយទារក ឲ្យមានកតញ្ញុតាធម៌ចំពោះអ្នកដែលបានធ្វើអំពើល្អ និងសង្គ្រោះអាយុជីវិតខ្លួន។ ប្រភពពី RFA តើនៅស្រុកកំណើតរបស់ប្រិយមិត្ត នៅរក្សាប្រពៃណីនេះដែរឬទេ? និងរៀបចំពិធីកាត់សក់បង្កក់ឆ្មប ដោយរបៀបណា? សូមជួយចែករំឡែកចំណេះដឹងពីពិធីនេះផង ! សូមអរគុណ !

Post a Comment

 
Top