0


ប្រវត្តិបុណ្យចូលឆ្នាំខ្មែរ



មាន​តំណាល​ថា នៅ​ដើម​នៃ​ភទ្ទកប្បមាន សេដ្ឋី​ម្នាក់​ មាន​បុត្រ​មួយ ឈ្មោះ​ធម្មបាលកុមារ ជា​អ្នក​មាន​​ចំណេះវិជ្ជា​ដ៏​វិសេស បាន​​រៀនចេះចប់គម្ពីរ​ត្រីវេទ​តាំងពី​អាយុ​បាន ៧ ឆ្នាំ ។ សេដ្ឋី​បិតា​បាន​សាងប្រាសាទ​ឲ្យ ធម្មបាលកុមារ ​នៅ​ទៀប​ដើម​ជ្រៃ​មួយ​ធំ នៅ​ឆ្នេរ​ទន្លេ ដែល​ជា​ទី​ស្នាក់​អាស្រ័យ នៃ​បក្សី​ទាំង​ឡាយ ។ ​ធម្មបាល​កុមារ​ ចេះ​​ទាំង​ភាសាបក្សី ទាំង​ពួង​ផង ព្រម​ទាំង​​អាច​ធ្វើ​​ជា​​អាចារ្យ​សម្ដែង​មង្គល​ផេ្សង​ៗ ​ដល់​មនុស្ស​ទាំង​ពួង​ផង​។ គ្រា​នោះ​ មនុស្ស​លោក​រមែង​រាប់​អាន​មហាព្រហ្ម និង ​កបិលមហាព្រហ្ម ១ អង្គ​ទៀត​ដែល​ជា​អ្នកសម្ដែង​មង្គល​ដល់​មនុស្ស​ទាំង​ពួង ។


 ពេល​នោះ​ កបិលមហាព្រហ្ម បាន​ជ្រាប​ព័ត៌‌មាន​ក៏​ចុះ​មក​សួរ​បញ្ហា នឹង​ធម្មបាលកុមារ ចំនួន ៣​ ប្រស្នា ដោយ​សន្យា​​ថា ប្រសិន​បើ​ ធម្មបាលកុមារ ​អាច​​ដោះ​ប្រស្នា​បាន កបិលមហាព្រហ្ម​ ​នឹង​កាត់ព្រះសិរសា​​ទ្រង់ដើម្បី បូជាចំពោះធម្មបាលកុមារ ប៉ុន្តែ​ប្រសិន​បើ​ ធម្មបាលកុមារ​មិន​អាច​ដោះ​ស្រាយ​ប្រស្នា​នោះ​​រួច កបិលមហាព្រហ្ម​នឹង​​​កាត់​ក្បាល​ធម្មបាល​កុមារ​វិញ ។ ធម្មបាល​កុមារ​សុំ​ឲ្យ​ពន្យារ​ពេល​ចំនួន ៧ ​ថ្ងៃ​សិន​ដើម្បី​គិត​ប្រស្នា​។ លុះ​កន្លង​ទៅ ៦​ ថ្ងៃ​ហើយ​ក៏​ធម្មបាល​កុមារ​​នៅ​តែ​គិត​មិន​ឃើញ​ និង​ដឹង​ខ្លួន​ថា​ព្រឹក​នេះ​នឹងត្រូវ​ស្លាប់​ដោយ​អាជ្ញា​កបិល​មហាព្រហ្ម​ជា​ប្រាកដ​ ។ ដូច្នេះ ​គួរ​តែ​រត់ ទៅ​លាក់​ខ្លួន ពួន​អាត្មា​ឲ្យ​ស្លាប់​ដោយ​ខ្លួន​ឯង​ប្រសើរ​ជាង ។

 ទើប​ធម្មបាល​កុមារ​​ចុះ​ពី​ប្រាសាទ​ទៅ​ដេក​ពួន​នៅក្រោម​ដើមត្នោត​មួយ​គូ ។ នៅ​លើ​ដើម​ត្នោត​នោះ មាន​សត្វឥន្ទ្រី​ញី​ឈ្មោល​ធ្វើ​សំបុក អាស្រ័យ​នៅ ។ វេលា​យប់ សត្វ​​ឥន្ទ្រី​ញី​សួរ​សត្វ​​ឥន្ទ្រី​ឈ្មោល​ថា ព្រឹកនេះ​យើង​បាន​អាហារ​អ្វី​ធ្វើ​ជា​ចំណី? ឥន្ទ្រី​ឈ្មោល​ឆ្លើយ​ថា យើង​នឹង​ស៊ី​សាច់​ធម្មបាល​កុមារ ដែល​ត្រូវ​នឹង​កបិលមហាព្រហ្ម​សម្លាប់ ព្រោះ​ធម្មបាល​កុមារ​ដោះ​ប្រស្នា​មិន​រួច ។ ឥន្ទ្រី​ញី​សួរ​ថា ប្រស្នា​នោះ​ដូច​ម្ដេច​ ? ឥន្ទ្រី​ឈ្មោល​ឆ្លើយ​ថា : វេលា​ព្រឹក​សិរី​សួស្ដី​ស្ថិត​នៅ​ត្រង់​ណា ? ត្រូវ​ឆ្លើយ​ថា នៅលើ​ផ្ទៃ​​មុខ ។ ហេតុ​នេះ​ទើប​មនុស្ស​​ទាំងឡាយ​ត្រូវ​យក​ទឹក​លប់​មុខ ។ ប្រស្នា​ទី ២ ចោទ​​ថា ថ្ងៃ​ត្រង់​សិរី​ស្ថិត​នៅ​ត្រង់ណា ? ត្រូវ​ឆ្លើយ​ថា នៅ​លើ​ទ្រូង ។

 ​ហេតុ​នោះ​ទើប​មនុស្ស​ត្រូវ​យក​ទឹក​លាង​ទ្រូង ។ ប្រស្នា​ទី ៣ ចោទ​ថា វេលា​ល្ងាច​សិរី​ស្ថិត​នៅ​ត្រង់​ណា ? ត្រូវ​ឆ្លើយ​ថា នៅ​នឹង​ជើង ។ ​ហេតុ​នោះ ទើប​មនុស្ស​ទាំង​ឡាយ​ត្រូវ​យក​ទឹក​លាង​ជើង​ ។ ធម្មបាល​កុមារ​បាន​ឮ​ដូច្នេះ ក៏​ត្រឡប់​ទៅ​ប្រាសាទ​វិញ ។ លុះ​ព្រឹក​ឡើង ​កបិល​មហាព្រហ្ម​ ក៏​មក​សួរ​ប្រស្នា​ ធម្មបាល​កុមារ ។ ធម្មបាល​កុមារ​ ឆ្លើយ​ដោះស្រាយ តាម​ដែល​បាន​ឮ​​មក ។ កបិលមហាព្រហ្ម ក៏​ទទួល​ថា​ពិត​ជា​ត្រឹម​ត្រូវ, ព្រម​ចុះ​ចាញ់ និង​ សុខ​ចិត្ត​ធ្វើ​តាម​ពាក្យ​សន្យា​របស់​ខ្លួន ។ កបិលមហាព្រហ្ម ហៅ​ទេពធីតា​​ទាំង ៧​ អង្គ ​ដែលជា បាទ​បរិចាវិកា ​ព្រះឥន្ទ្រ មក​ប្រាប់​ថា ឥឡូវ​បិតា​ត្រូវ​កាត់ព្រះសិរសា​ដើម្បីបូជាចំពោះ​ធម្មបាលកុមារ តែ​បើ​ដាក់​ក្បាល​នោះ​លើ​ផែនដី នោះ​នឹង​កើត​ជា​ភ្លើង​ឆេះ​ទាំង​លោក​ធាតុ បើ​បោះ​ទៅ​លើអាកាស​ នឹង​នាំ​ឲ្យ​រាំង​ភ្លៀង ​បើ​ចោលក្នុង​មហាសមុទ្រ​នោះទឹកនឹង​រីង​ស្ងួត​ហួត​អស់ ។

 ដូច្នេះ​សូម​ឲ្យ​កូន​ទាំង ៧​ អង្គ យកពាន​មក​ទទួលព្រះសិរសាបិតា ។ ពោល​រួច ​ព្រះអង្គក៏​កាត់ព្រះសិរសា​ហុចទៅ​ឲ្យព្រះនាង​ ទុង្ស ​ជា​កូន​ច្បង ។ ព្រះនាង​ ទុង្ស ក៏បាន​យក​ពានមក​ទទួលព្រះសិរ​សាបិតា រួច​ហែ​ប្រទក្សិណ​​ភ្នំព្រះសុមេរុ ៦០ ​នាទីទើប​យាង​​ទៅ​ប្រតិស្ឋានទុក ក្នុង​មណ្ឌលេះ​​នៅ​ក្នុង​គុហាគន្ធមាលី នា​ភ្នំកៃលាស និង​បូជា​គ្រឿង​ទិព្វ​ផេ្សងៗ ។ ព្រះវិស្សកម្មទេវបុត្រ ក៏​និមិត្ត​រោង​ទិព្វធ្វើពី​កែវ ៧ ​ប្រការ ឈ្មោះ​ថា "ភគវតីសភាសាលា" ឲ្យ​ជា​ទីប្រជុំ​នៃ​ទេវតា ។ លុះ​ដល់​គម្រប់ ១ឆ្នាំជា សង្ក្រាន្តត ​នាង​ទេពធីតា​ទាំង ៧ អង្គ ​ក៏​ផ្លាស់​វេនគ្នា មក​អញ្ជើញ ព្រះសិរ​សាកបិល​មហា​ព្រហ្ម ចេញ​មក​ហែ​ប្រទក្សិណ ភ្នំព្រះសុមេ​រុ​ជារៀងរាល់ៗ​ឆ្នាំ រួច​​ហើយ​យាង​​ត្រឡប់​ទៅ​ស្ថាន​ទេវលោកដើម្បីតម្កល់​វិញ។

ឈ្មោះទេពធីតាមហាសសង្ក្រាន្តត និងគ្រឿងអាភរណៈ



ថ្ងៃ ទេពធីតាមហាសសង្ក្រាន្ត! គ្រឿងអាភរណៈ
ថ្ងៃអាទិត្យ ទុង្សទេវី សៀតផ្កាទទឹម គ្រឿងប្រចាប់បទុមរាជ, ភក្សាហារផ្លែឧទុម្ពរ (ផ្លែ​ល្វា), អាវុធស្តាំកងចក្រ ឆ្វេងស័ង្ខ, ពាហនៈគ្រុឌ
ថ្ងៃច័ន្ទ គោរាគទេវី សៀតផ្កាអង្គារបុស្ស គ្រឿងប្រដាប់បុក្តា ភក្សាហារប្រេង អាវុធស្តាំព្រះខ័ន ឆ្វេងឈើច្រត់ ពាហនៈខ្លា
ថ្ងៃអង្គារ គោរាក្សសាទេវី សៀតផ្កាឈូក គ្រឿងប្រដាប់មោរា ភក្សាហារលោហិត អាវុធស្តាំត្រីសូល៍ឆ្វេងធ្នូ ពាហនៈអស្សតរ
ថ្ងៃពុធ មណ្ឌាទេវី សៀតផ្កាចម្ប៉ា គ្រឿងងប្រដាប់ពិទូរ្យ ភក្សាហារទឹកដោះសិប្បី អាវុធស្តាំម្ជុល ឆ្វេងឈើច្រត់ ពាហនៈ លា
ថ្ងៃព្រហស្បតិ៍ កិរិណីទេវី សៀតផ្កាមណ្ឌា គ្រឿងប្រដាប់មរកត ភក្សាហារសណ្ដែក ល្ង អាវុធស្តាំកង្វេរ ឆ្វេងកាំភ្លើង ពាហនៈដំរី
ថ្ងៃសុក្រ កិមិរាទេវី សៀតផ្កា ចង្កុលនី គ្រឿងប្រដាប់បុស្សរាគម័ ភក្សាហារចេកណាំវ៉ា អាវុធស្តាំព្រះខ័ន ឆ្វេងពិណពាហនៈក្របី
ថ្ងៃសៅរ៏ មហោទរាទេវី សៀតផ្កាត្រកៀត គ្រឿងប្រដាប់នីលវត័ន៍ ភក្សាហារសាច់ទ្រាយ អាវុធស្តាំកងចក្រ ឆ្វេងត្រីសូល៍ ពាហនៈក្ងោក


ការធ្វើពិធីបុណ្យចូលឆ្នាំខ្មែរ



បុណ្យចូលឆ្នាំខ្មែរ ជា​បុណ្យ​ប្រពៃណី​ជាតិ ដែល​ប្រជាជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​តែងតែ​ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ ។ នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ មាន​ការ​រៀបចំ​ដូច​តទៅ ៖ ពិធី​បុណ្យ​ចូល​ឆ្នាំ​ ប្រព្រឹត្ដ​ទៅ​ ៣ ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី ១៣, ១៤, ឬ ១៥ ខែ មេសា ព្រោះ​ជា​រដូវ​កាល​ដែល​ប្រជាជន​ខ្មែរ​មាន​ពេល​ទំនេរ​ពី​ការ​ប្រមូល​ផល​ស្រូវ​ និង ដំណាំ​កសិកម្ម​ផ្សេងៗ ។ មុន​ពេល​ប្រារព្ធ ពិធី​បុណ្យ​ចូល​ឆ្នាំ ១ ឬ ២ ថ្ងៃ ប្រជាជន​ខ្មែរ​តែង​តែ​នាំ​គ្នា សំអាត តុបតែងផ្ទះសម្បែង និង រៀបចំ​គ្រឿង​សម្ភារៈ​​ផ្សេងៗ ដើម្បី​ត្រៀម​ទទួល​ទេវតា​ឆ្នាំ​ថ្មី ។

នៅ​ពេល​ចូល​ដល់​ថ្ងៃ​ទី ១ នៃ​ថ្ងៃ​បុណ្យ​ចូល ឆ្នាំ​ខ្មែរ ដែល​ក្នុង​ប្រពៃណី​ខ្មែរ​តែង​ហៅ​ថ្ងៃ​នោះ​ថា​ជា ថ្ងៃ​មហាសង្រ្កាន្ត (sankranti) ។ នៅ​ពេល​នោះ​ប្រជាពលរដ្ឋ​ខ្មែរ​​ដែល​កាន់​ជំនឿ​តាម​ព្រះ​ពុទ្ធសាសនា បាន​រៀបចំ​កន្លែង​ទទួល​ទេវតា​ឆ្នាំ​ថ្មី ដែល​​មាន​គ្រឿង​រណ្ដាប់​ផ្សេង​ៗ និង មាន​តុបតែង​លម្អ​ដោយ​ភ្លើង​ចម្រុះ​ពណ៌​​តាម​ផ្ទះ​របស់​ពួក​គេ​ ។ ​គ្រឿង​រណ្ដាប់ មានដូច​ជា ៖ ទឹក​ផ្ដិល​អប់​ដោយ​ផ្កា, ទៀន ៥, ​ ធូប ៥, ផ្កា​ភ្ញី, ភេសជ្ជៈ, និង នំចំណី, ផ្លែឈើជាច្រើន ។ល ។ បន្ទាប់មក ពួក​គេ​នឹង​ធ្វើ​ការ​សែន​ព្រេន ដោយ​មាន​អុជ​ធូប និង ទៀន តាម​​គេហដ្ឋាន​​របស់​ខ្លួន ។ នៅ​ពេល​ដល់​​កំណត់​ថា​​ទេវតា​ឆ្នាំ​ថ្មី យាង​ចុះ​មក​ប្រសិទ្ធិ​ពរជ័យ សិរី​សួស្ដី ដើម្បី​ឲ្យ​ពួក​គេ​ទទួល​បាន​សេចក្ដី​សុខ​ពេញ​មួយ​ឆ្នាំ ។

នៅ​ពេល​ចូល​ថ្ងៃទី​​ ២ នៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ គេ​ហៅ​ថ្ងៃ​នោះ ថា​ជា វារៈវ៍នបត ប្រជាជន​​នាំ​គ្នា​ទៅ​វត្ដ​អារាម​ដើម្បី​យក ចង្ហាន់ នំចំណី ផ្លែឈើ ​ ទៅ​ប្រគេន​ព្រះសង្ឃ ។ លើស​ពី​នេះ​ទៅ​ទៀត ក៏​មាន​ការ​រៀបចំ​លេង​ល្បែង​ប្រជាប្រិយ ដូចជា៖ ចោលឈូង បោះអង្គញ់ លាក់កន្សែង និង​មាន​ការ​ច្រៀង​រាំ​​បទ​ចម្រៀង​ប្រពៃណី ផង​ដែរ នៅ​តាម​វត្ដ​អារាម និង តាម​បណ្ដា​តំបន់​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

​នៅ​ពេល​ចូល​​ថ្ងៃទី ៣ ជា​ថ្ងៃ​បញ្ចប់​ពិធី​បុណ្យ​ចូល​ឆ្នាំ គេ​ហៅថា វារៈឡើងស័ក ឬ ថ្ងៃ​ឆ្លង ។ នៅ​ថ្ងៃនោះ គេ​តែង​ប្រារព្ធ​ធ្វើ​ពិធី ស្រង់​ទឹក​រូប​បដិមា​របស់​ព្រះពុទ្ធ នៅ​តាម​វត្ដ​អារាម ដើម្បី​សុំសេចក្ដី​សុខ​ ហើយ​ក៏​ជា​ថ្ងៃ​បញ្ចប់​នៃ​ការ​ប្រារព្ធ​ធ្វើ​ពីធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ដែរ ។

អត្ដន័យ​នៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ 

តើ​ជនជាតិ​​ខ្មែរ​និយម​ចូល​ឆ្មាំ​ថ្មី នៅថ្ងៃ ខែ ឆ្មំាណា ?

​​រាល់​ឆ្នាំ ជនជាតិ​ខ្មែរ​និយម​រៀបចំ​ពិធី បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នៅ​ថ្ងៃ​ទី ១៣ ខែ​មេសា​ (យូរ​ៗម្ដង ថ្ងៃ​ទី ១៤ ខែ មេសា) ត្រូវ​​នឹង​ខែ ចេត្រ នៃ​ចន្ទគតិ ។ តាម​ទម្លាប់ ជនជាតិ​ខ្មែរ​និយម​រៀបចំ​ចូល​ឆ្នាំ​ចំនួន ៣ ថ្ងៃ​គឺ ៖ ថ្ងៃទី១ ​ជាថ្ងៃ​ចូល​ឆ្នាំ, ថ្ងៃ​ទី ២ ជាថ្ងៃ (វារៈ) វនបត, ថ្ងៃទី ៣ ជា​ថ្ងៃ​ឡើង​ស័ក ។

ជនជាតិណាក៏ប្រារព្ឋធ្វើបុណ្យ ចូលឆ្នាំថ្មីរបស់ គេដែរ ។ ចំពោះខ្មែរយើង នាំគ្នារៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពីណីជាតិ ជារៀងរាល់ឆ្នាំ ព្រោះ​យើងយល់ថាបុណ្យចូលឆ្នាំថ្មី មានអត្ថន័យ​ជ្រាលជ្រៅ ។ ខ្មែរ​មានជំនឿថា ក្នុងមួយឆ្នាំនៃការរស់នៅ គេតែងជួបប្រទះអពមង្គល​ ឧបទ្រព្យ​ចង្រៃផ្សេងៗ​ ជូនកាលមានទុក្ខសោក ជួនកាលមានគ្រោះអាសន្ន ជួនកាលមានជំងឺរូបរឹតរាងកាយ ជូនកាលទៀត បាន​ប្រព្រឹត្ដ​អំពើ​សៅហ្មង មិនគប្បី ។​ លុះផុតឆ្នាំចាស់ទៅ គេនាំគ្នាធ្វើបុណ្យ គេស្លៀកពាក់ថ្មីៗ គេនាំគ្នាដើរលេងកំសាន្ដ ដើម្បីឲ្យ​អស់​កង្វល់ ហើយ​ឲ្យ​មាន​សិរី​សួស្ដី មានសិរី​សូស្ដីមានសុភមង្គលនៅក្នុងឆ្នាំថ្មី ។

ម្យ៉ាងទៀត រយៈពេលមួយឆ្នាំ ពួក​គេបានបែកចេញពី គ្រួសារ និង ញាតិមិត្ដ ទៅប្រករបរចិញ្ចឹមជិវិតនៅទី​ឆ្ងាយ ៗ ។ លុះដល់ឆ្នាំថ្មី គេ​បាន​វិល​មក​ជូបជុំគ្នា សូរសុខទុក្ខគ្នា ដើម្បីបន្ឋូរការនឹករឭក និង​បំបាត់ការនឿយហត់ពីការងារផង ។ រួច​ទើបបន្ដជីវភាពថ្មីនៅក្នុងឆ្នាំថ្មី ប្រកប​របរ​ដោយ​ជោគជ័យ និង អាយុយឺន​យូរ ។ ម្យ៉ាងទៀត ពិធីបុណ្យចូលឆ្នាំថ្មី​គឺជាប្រពៃណីអាចបណ្ដុះស្មារតីស្រឡាញ់​រាប់​អាន​គ្នារវាង​អ្នក​​ភូមិ​ស្រុក​ជិតខាងគ្នា ជាកត្ដាបង្កើតសាមគ្គីភាពជាតិ ។ ហេតុនេះហើយ ទើបនៅពេលនោះ គេមិនត្រឹមតែជួបជុំគ្នាក្នុងគ្រួសារប៉ុណ្ណោះ​ទេ តែ​គេ​នាំ​គ្នា​ទៅ​ធ្វើ​បុណ្យ​នៅ​វត្ដ​អារាម​ ដែល​ជាមជ្ឈមណ្ឌល​អប់​រំ​ឲ្យ​មាន​ការ​មនុស្សធម៌ និង សាមគ្គីភាព ។ ដោយសារពីធីបុណ្យចួលឆ្នាំថ្មី មាន​អត្ថន័យ​ធំធេង​យ៉ាង​នេះ ទើបខែ្មរយើងនិយមរាប់អានទុកជា ប្រពៃណីជាតិ​តាំង​ពី​ដើម​រហូត​មក ។

និមិត្ត​សញ្ញា​តំណាង​ឲ្យ​រាសី​ ឬ ខែ​នីមួយៗ​ក្នុង​ប្រក្រតីទិន​ខ្មែរ

ដោយ​សារ​ប្រទេស​ខ្មែរ​បាន​ទទួល​ឥទ្ធិពល​សាសនា​ព្រាហ្មណ៍​ (លទ្ធិហ៊ីនឌូ) ទើប​ជនជាតិ​ខ្មែរ​នៅ​តែ​បន្ត​ប្រើប្រាស់​ក្បួន​គម្ពីរ​ សាស្ត្រា​បុរាណ​របស់​លទ្ធិ​ព្រាហ្មណ៍​ក្នុង​ការ​គិតគូរ​រៀបចំ​ធ្វើ​កិច្ច​នានា​ខាង​សាសនា ។ ​តាម​ក្បួន​តារាសាស្ត្រ​ ឬ​ហោរាសាស្ត្រ​បុរាណ​នៃ​លទ្ធិ​ព្រាហ្មណ៍ គេ​​យល់​ថា​ផ្ទៃ​មេឃ​មាន​រាង​ដូច​ជា​រង្វង់​មូល​ និង​ នៅ​ស្ងៀម​មួយ​កន្លែង​ដូច​ជា​ផែន​ដី​ដែរ ។ គេ​យល់​ថា​​ព្រះ​អាទិត្យ​ដើរ​ជុំ​វិញ​ផែន​ដី​តាម​គន្លង​គោចរ​ដែល​មាន​រូប​សណ្ឋាន​ដូច​ជា​រង្វង់​ ទើប​ពួក​គេ​ហៅ​ថា រាសីចក្រ ឬ ចក្ររាសី (រង្វង់​រាសី) ដែល​ត្រូវ​នឹង​មួយ​ឆ្នាំ ។

ដោយ​សារ​តែ​ពួក​គេ​មើល​ឃើញ​នៅ​លើ​លំហ​មេឃ​មាន​ផ្កាយ​ (តារា) ជា​ច្រើន​នៅ​​ក្បែរៗ​គ្នា​ហើយ​មាន​សណ្ឋាន​ដូច​ជា​រូប​ផ្សេងៗ ដូច​ជា​រូប​ចៀម​ឬ​​ពពែ​ឈ្មោល, គោឈ្មោល, រូប​មនុស្ស​ប្រុស​ស្រី​ពីរនាក់, ក្តាម, សិង្ហ, ស្រីក្រមុំ, ​ជញ្ជីង, ខ្ទួយ, ធ្នូ, ត្រីមករ (ត្រីថ្ករ ឬ​ ត្រី​ឆ្លាមមករ), ក្អម, និង ត្រី ដូច្នេះ​ហើយ​ទើប​ពួក​​គេ​ដាក់​ឈ្មោះ​បណ្តុំ​ផ្កាយ​ (នក្ខត្តឫក្ស ឬ នក្សត្រ) ទាំង​នោះ​តាម​រូប​ភាព​ស្រដៀង​ទាំង​នោះ ។ ពួក​គេ​ចែក​ផ្ទៃ​មេឃ​ជា​ ១២ ចំណែក ឬ ​ល្វែង(រាសី) ដោយ​ដាក់​ឈ្មោះ​ចំណែក​​នីមួយៗ​ស្រប​តាម​រូប​រាង​នៃ​បណ្តុំ​ផ្កាយ ដូច​ជា​ មេសៈ ឬ​មេសរាសី, ឧសភៈ ឬឧសភរាសី, មិថុនៈ ឬ​មិថុនរាសី, កក្កដៈ ឬកក្កដរាសី, សីហៈ ឬសីហរាសី, កញ្ញា ឬ​កញ្ញារាសី, តុលា ឬតុ​លារាសី, វិច្ឆិកៈ ឬ​វិច្ឆិករាសី, ធនុ ឬ​ធនុរាសី, មករៈ ឬ​មកររាសី, កុម្ភៈ ឬ​កុម្ភរាសី និង មីនៈ ឬ​មីនរាសី ។ ដោយ​សារ​តែ​ពួក​គេ​កំណត់​យក​​មេសរាសី (ខែ​ មេសា) ជា​រាសី​ទី​មួយ​ ទើប​​ជនជាតិ​ខ្មែរ​ចាប់​គិត​​ថា​ខែ​ ចេត្រ ជា​ខែ​ទី​មួយ​នៃ​​ឆ្នាំថ្មី ហើយ​ក៏​ប្រារព្ធ​ធ្វើ​កិច្ច​ចូល​ឆ្នាំ​ថ្មី​នៅ​ខែ​ ចេត្រ តាម​លំអាន​រៀង​មក ។ នេះ​គឺ​ដោយ​សារ​ខ្មែរ​ប្រើ​ក្បួន​គិត​ថ្ងៃ​តាម​សុរិយគតិ ។

បើ​តាម​ក្បួន​ចន្ទគតិ ខែ មិគសិរ គឺ​ជា​ខែ​ទី​មួយ​នៃ​ឆ្នាំ​ថ្មី ។ តាម​ក្បួន​សុរិយគតិ​របស់​លទ្ធិព្រាហ្មណ៍ គេ​គិត​ថា​នៅ​ខែ មេសា ​ព្រះអាទិត្យ​ចរ​ចេញ​ពី​មីនរាសី (Mina Rashi បណ្តុំ​ផ្កាយ​រាង​ដូច​ត្រី) ចូលទៅ​កាន់​ ​មេសរាសី (Mesa Rashi បណ្តុំ​ផ្កាយ​រាង​ដូច​ចៀម​ឬ​​ពពែ​ឈ្មោល) ។ ការ​ចរចេញ​របស់​​​​ព្រះអាទិត្យ​ពី​រាសី​មួយ​ទៅ​កាន់​រាសី​មួយ​ហៅ​ថា សង្ក្រាន្ត ឬ សង្ក្រាន្តិ (sankranti) ។ ក្នុង​មួយ​ឆ្នាំ​មាន ១២ សង្ក្រាន្ត ។ ដោយ​សារ​តែ​ពួក​ព្រាហ្មណ៍​​កំណត់​យក​ មេសរាសី​ ជា​រាសី​ទី​មួយ (រាសី​តំបូង, រាសី​ក្បាល, ​រាសី​ធំ ឬ មហារាសី)ទើប​គេ​ហៅ​សង្ក្រាន្ត​នៅ​ខែ ​មេសា ​ថា មហាសង្ក្រាន្ត គឺ​ដំណើរ​ឆ្លង​កាត់​របស់​ព្រះ​អាទិត្យ​ ពី​ចក្ររាសី​នៃ​ឆ្នាំ​ចាស់​ ទៅ​កាន់​ចក្ររាសី​នៃ​ឆ្នាំ​ថ្មី ។

សព្វ​ថ្ងៃ​ ខ្មែរ​នៅ​បន្ត​ប្រើ​ប្រាស់​ក្បួន​គិត​ថ្ងៃ​ខែ​តាម​វិធី​ចន្ទគតិ និង សុរិយគតិ សម្រាប់​ការ​រៀប​ចំ​កិច្ច​ខាង​សាសនា ប៉ុន្តែ​​សម្រាប់​កិច្ចការរាជការ ខ្មែរ​​បែរ​មក​ប្រើ​ក្បួន​គិត​ថ្ងៃ​ខែ​ឆ្នាំ​តាម​គ្រិស្តសាសនា​ ​ដូច​បណ្តា​ប្រទេស​ទាំង​ឡាយ​នៅ​លើ​សាកលលោក​​ដែរ ដែល​យើង​នាំ​គ្នា​ហៅ​ថា ឆ្នាំ​សាកល ឬ គ្រិស្តសករាជ ។ ​

ពត៌មានលម្អិត ពី http://km.wikipedia.org/ សូមអរគុណ

Post a Comment

 
Top