0
William Henry “Bill” Gates III ឬ Bill Gates គឺ​ជា​មហាសេដ្ឋី​បច្ចេកវិទ្យា​លំដាប់​ទី​១​របស់​ពិភព​លោក​នៅ​ពេល​បច្ចុប្បន្ន​ (នេះ​បើ​តាម​ការ​បញ្ជាក់​ពី​Wikipedia)។ សព្វ​ថ្ងៃ​​បុរស​វ័យ៥៨​ឆ្នាំ​រូប​នេះ​មាន​ទ្រព្យ​សម្បត្តិ​ចំនួន ​៨១,៣ពាន់​លាន​ដុល្លារ​ហើយ​ក៏​ជា​បុគ្គល​មួយ​រូប​ដែល​​បាន​បំផុស​ទឹក​ចិត្ត​មនុស្ស​​ជា​ច្រើន​នៅ​ទូទាំង​ពិភព​លោក​ឲ្យ​ទទួល​បាន​ជោគជ័យ​​ផង​ដែរ​។ ​Bill Gatesបាន​បរិច្ចាគ​ថវិកា​យ៉ាង​ច្រើន ​(សរុប២៨ពាន់​លាន​ដុល្លារ) ទៅ​ដល់​មូលនិធិ​ផ្សេងៗ​ដើម្បី​ជួយ​ទៅ​ដល់​ជន​រង​គ្រោះ​នៅ​ជុំវិញ​ពិភព​លោក។ ថ្ងៃ​នេះ​យើង​ងាក​មក​អាន​​សម្រង់​សម្ដី​ទាំង​៥ឃ្លា​​សំ​ខាន់​ៗ​​របស់​​ Bill Gates ក្នុង​គោល​បំណង​លើក​ទឹក​ចិត្ត​ដល់​មនុស្ស​នៅ​ទូទាំង​ពិភពលោក​ដើម្បី​ទទួល​បាន​ជោគជ័យ​ដ៏​អស្ចារ្យ (សម្រង់​សម្ដី​ដោយ​សារព័ត៌មាន ELITE DAILY, The Voice of Generation)៖



១. “ជោគជ័យ​គឺ​ជា​គ្រូ​ដ៏​គម្រក់​មួយ​”។ វា​បាន​ធ្វើ​ឲ្យ​មនុស្ស​ពូកែ​ៗ​ជា​ច្រើន​ឈ្លក់​វង្វេង​នឹង​ជោគជ័យ​នោះ​​ហើយ​គិត​ថា​ពួក​គេ​គ្មាន​ថ្ងៃ​បរាជ័យ​នោះ​ទេ”។

មិន​ថា​អ្នក​ទទួល​ជោគជ័យ​ប៉ុណ្ណា​នោះ​ទេ​ អ្នក​គួរ​តែ​ចេះ​បន្ទាប​ខ្លួន​។ មួយ​វិញ​ទៀត​ចូរ​កុំ​ត្រេកត្រអាល​នឹង​ជោគជ័យ​រហូត​ដល់​​ភ្លេច​ខ្លួន​ឲ្យ​សោះ​ព្រោះ​គ្មាន​អ្វី​មួយ​នៅ​ស្ថិត​ស្ថេរ​ជា​និរន្ត​នោះ​ទេ។ អ្នក​គួរ​តែ​រៀន​ពី​បរាជ័យ​ជា​ជាង​​ជ័យ​ជម្នះ។ ដូច្នេះ​កុំ​ឲ្យ​ជ័យ​ជម្នះ​បាំង​មុខ​​អ្នក​ដាច់​ខាត​ហើយ​ត្រូវ​ចាំ​ថា​បរាជ័យ​គឺ​ជា​គ្រូ​ដ៏​អស្ចារ្យ​​ដែល​នាំ​ឲ្យ​អ្នក​ទទួល​បាន​ជ័យ​ជម្នះ​ដែល​មនុស្ស​ផ្សេង​ទៀត​មិន​អាច​ធ្វើ​បាន​។

២. “នៅ​លើ​លោក​នេះ​​កុំ​ប្រៀប​ធៀប​រូប​អ្នក​ជាមួយ​នឹង​​នរណា​​​​ម្នាក់​ឲ្យ​សោះ។ ធ្វើ​ដូចនេះ​ហាក់​បី​ដូច​ជា​អ្នក​កំពុង​តែ​មើល​ងាយ​ខ្លួន​ឯង​អញ្ចឹង” ។

​​​​​​​​​​ឲ្យ​តម្លៃ​ជោគជ័យ​របស់​អ្នក​តាម​រយៈ​​លទ្ធភាព​ដែល​អ្នក​បាន​ខំប្រឹង​ តែ​មិន​មែន​តាម​ការ​ប្រៀប​ធៀប​រូប​អ្នក​ទៅ​នឹង​អ្នក​ដទៃ​នោះ​ទេ។ មនុស្ស​​រាល់​គ្នា​តែង​តែ​មាន​ជំហាន​ខុស​ៗ​គ្នា ហើយ​ក៏​មាន​ផ្លូវ​ដើរ​ផ្សេង​ៗ​ពី​គ្នា​ដែរ។ ជួន​កាល​អ្នក​ចាំ​បាច់​​ត្រូវ​​ដើរ​លើ​ផ្លូវ​ខុស​ពីរ​ទៅ​បី​ដង​មុន​ពេល​អាច​​រក​ផ្លូវ​មួយ​ដែល​​ល្អ​បំផុត​សម្រាប់​ខ្លួន​អ្នក​។

៣. “អតិថិជន​ដែល​មិន​ចេះ​ពេញ​ចិត្ត​​នឹង​​ផលិតផល​អ្នក​គឺ​ជា​​ប្រភព​​​ដ៏​ល្អ​បំផុត​​សម្រាប់​រៀនសូត្រ​កែ​លម្អ”

អ្នក​​ជំនួញ​ត្រូវ​រៀន​សូត្រ​ពី​អតិថិជន​ដែល​តែង​តែ​មិន​រីក​រាយ​នឹង​​ពួក​គេ​(អ្នក​ជំនួញ)ដោយ​បញ្ហា​ណា​មួយ។ ប្រសិន​បើ​មាន​​អតិថិជន​ច្រើន មិន​ពេញ​ចិត្ត​នឹង​រឿង​អ្វី​មួយ​ដូច​ៗ​គ្នា​ នោះ​ជា​សញ្ញា​មួយ​ដែល​បង្ហាញ​ថា​អ្នក​ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ដោយ​​ខាន​មិន​បាន។ មាន​មនុស្ស​មួយ​ចំនួន​និយាយ​ថា​អ្នក​មិន​ចាំ​បាច់​ខ្វល់​ថា​នរណា​និយាយ​អី​ពី​អ្នក​នោះ​ទេ។ ដំបូន្មាន​បែប​នេះ​អាច​ថា​ល្អ​ពេល​ដែល​អ្នក​​លឺ​ការ​រិះគន់​ពី​មនុស្ស​ចម្លែក​ៗ​ដែល​អ្នក​មិន​ធ្លាប់​ស្គាល់​ទាល់តែ​សោះ​។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ស្ដាប់​លឺ​មនុស្ស​ជា​ទី​ស្រឡាញ់​ត្អូញត្អែរ​ដោយ​​មិន​ពេញ​ចិត្ត​នឹង​អ្នក​ប្រការ​ណាមួយ​វិញ បាន​ន័យ​ថា​អ្នក​បាន​ធ្វើ​អ្វី​មួយ​​ដែល​ធ្វើ​ឲ្យ​ពួក​គេ​មិន​ពេញ​ចិត្ត​មិន​ខាន។ ការ​រស់នៅ​ត្រូវ​តែ​មាន​ទំនាក់​ទំនង​ល្អ​ ដូច្នេះ​ប្រសិន​បើ​នរណា​ម្នាក់​មិន​ពេញ​ចិត្ត​នឹង​អ្នក​ អ្នក​គួរ​តែ​ពិនិត្យ​មើល​ខ្លួន​ឯង​​ហើយ​កែ​លំអ​វា​ឲ្យ​ប្រសើរ​ជាង​មុន។

៤. “កុំ​មើល​ងាយ​មនុស្ស​​ឆោតល្ងង់។ ​​ថ្ងៃ​ណាមួយ​ អ្នក​អាច​ធ្វើការ​ឲ្យ​ពួកគេ​ក៏​មិន​ដឹង”។

ជួន​កាល​មនុស្ស​ដ៏​ឆោត​​ម្នាក់​ដែល​ធ្លាប់​តែ​ត្រូវ​បាន​គេ​មើល​ងាយ​មើល​ថោក អាច​ក្លាយ​ទៅ​ជា​មនុស្ស​ម្នាក់​ដែល​​ល្បី​ល្បាញ​​ គួរ​ឲ្យ​ស្ញប់​ស្ញែង ​​និង​មាន​ប្រាក់​​ចាយ​មិន​អស់​​ឬ​​ជួន​កាល​ក្លាយ​ជា​ចៅហ្វាយ​របស់​អ្នក​ក៏​ថា​បាន។ ដូច្នេះ​មនុស្ស​គួរ​តែ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ​មិន​ថា​អ្នក​ណា​មាន​ឋានៈ​ ឬ​ស្ថានការណ៍​យ៉ាង​ណា​ក្ដី​។ ចូរ​ព្យាយាម​កសាង​ទំនាក់​ល្អ​តាម​តែ​អ្នក​អាច​ធ្វើ​បាន​ នោះ​អ្នក​មិន​ត្រឹម​តែ​មិន​​នៅ​ឯកោ​ តែ​ថែម​ទាំង​​មាន​អ្នក​តាម​ជួយ​​គ្រប់​ពេល​មាន​អាសន្ន​ទៀត។

៥. “ជីវិត​គឺ​មិន​​​មាន​យុត្តិធម៌​​រហូត​នោះ​ទេ។ ​ដូច្នេះ​ ត្រូវ​រៀន​បន្សាំ​ខ្លួន​”។

​ជីវិត​របស់​មនុស្ស​រាល់​គ្នា​រមែង​​ជួប​ព្យុះ​ភ្លៀង​ដែល​​ចៀស​មិន​​ផុត គ្រាន់​តែ​តិច​ឬ​ច្រើន​ប៉ុណ្ណោះ​។ ​ជីវិត​អ្នក​​​​​មិន​មែន​នៅ​ចិញ្ចែង​ចិញ្ចាច​តែ​​រហូត​នោះ​ទេ។ ពេល​ខ្លះ​អ្នក​ក៏​ត្រូវ​ដួល​ដែល​មិន​ងាយ​នឹង​ងើប​រួច​ក៏​ថា​បាន តែ​គ្រាន់​តែ​ថា​តើ​​អ្នក​មាន​ការ​តស៊ូ​ខ្លាំង​​ប៉ុណ្ណា​ដើម្បី​ងើប​ឈរ​ឡើង​វិញ​។ បើ​សិន​​អ្នក​បរាជ័យ​គួរ​តែ​ព្យាយាម​ទទួល​យក​វា​ហើយ​រៀន​ពី​វា​​ទើប​ជា​ការ​ល្អ៕

Post a Comment

 
Top