0

Tomatoes ប៉េងប៉ោះ

  ថ្វីដ្បិតតែតំណាប់ផ្លែប៉េងប៉ោះមានលក់ច្រកកែវនៅតាមផ្សារនានាយ៉ាងសម្បូរបែប ប៉ុន្តែអ្នកប្រហែលជាដឹងហើយថា អាហារកំប៉ុង និងច្រកកែវចេញពីរោងចក្រនោះវាមិនល្អដូចជាបន្លែផ្លែឈើស្រស់ៗដែលយើងចម្អិនទទួលទានភ្លាមៗនោះទេ។



ប៉េងប៉ោះជាពពួកបន្លែផ្លែឈើដែលផ្ទុកទៅដោយវីតាមីន រ៉ែ និងជីវជាតិល្អៗដែលជំនួយដល់សុខភាពរាងកាយ និងសម្រស់។ ការទទួលទានផ្លែប៉េងប៉ោះស្រស់ៗត្រូវបានគេជឿថាអាចធ្វើឲ្យស្បែកពណ៌សម្បុរស្រស់ថ្លា និងកាត់បន្ថយអត្រាប្រឈមនឹងជំងឺមហារីកផងដែរ។

ក្រៅពីចម្អិនជាម្ហូបអាហារ អ្នកក៏អាចយកប៉េងប៉ោះទៅធ្វើជាតំណាប់សម្រាប់ទទួលទានជាមួយនំបុ័ង ឬនំផ្សេងៗជាអាហារសម្រន់ផងដែរ។

អ្វីដែលអ្នកត្រូវការសម្រាប់ចម្អិនតំណាប់ប៉េងប៉ោះនោះគឺ ប៉េងប៉ោះទុំក្រហម៦ឬ៧ផ្លែ ស្ករស១ពែង និងទឹកក្រូចឆ្មារ១កូនកែវតែប៉ុណ្ណោះ។

ដំបូង អ្នកត្រូវលាងប៉េងប៉ោះឲ្យស្អាត រួចបង់វាក្នុងទឹកដែលកំពុងពុះហើយបិទភ្លើងចង្ក្រានដោយទុកឲ្យវាប្រេះសម្បកក្នុងទឹកឆ្អិនប្រមាណជា៥នាទី។ អ្នកអាចស្រង់វាចេញ រួចទុកឲ្យត្រជាក់មួយសន្ទុះហើយសឹមបកសម្បកចេញ។ យកសាច់ប៉េងប៉ោះទៅដាក់ក្នុងម៉ាស៊ីនក្រឡុកឲ្យម៉ដ្ឋ។

បន្ទាប់មកយកខ្ទះដាក់លើចង្ក្រានបើកភ្លើងឲ្យក្ដៅ រួចដាក់សាច់ប៉េងប៉ោះម៉ដ្ឋចូលលាយជាមួយស្ករសមួយពែង។ ប្រើវែកកូរវាប្រមាណជា១៥នាទីរហូតទាល់តែល្បាយនោះឡើងខាប់អន្ធិល។ បន្ទាប់មកទៀតច្របាច់ក្រូចឆ្មារចូលក្នុងខ្ទះរួចបិទភ្លើងចង្ក្រានទុកវាឲ្យត្រជាក់ រួចដួសដាក់កែវជាការស្រេច។

អ្នកអាចក្លាស្សេវាទុកក្នុងទូទឹកកកប្រមាណជា១សប្ដាហ៍ដោយមិនខូចគុណភាពទេ៕

Post a Comment

 
Top