0

ការ​និយាយ​នរណា​ក៏​ចេះ​និយាយ​ដែរ លើកលែង​តែ​មនុស្ស ដែល​ពុំ​អាច​និយាយ​បាន។ប៉ុន្តែ​ការ​និយាយ​ដែល​ប្រកប​ទៅ​ដោយ​គតិបណ្ឌិត ដែល​ធ្វើ​ឲ្យ​មហាជន​ទទួលស្គាល់​វា​មិន​មែន​ជា​រឿង​មួយ​ដែល​មាន​ភាព​ងាយស្រួល​នោះ​ឡើយ ។​ ខាងក្រោម​នេះ​ជា​ដំណោះស្រាយ​ដ៏​ល្អ​ប្រសើរ​ ដែល​ធ្វើ​ឲ្យ​អ្នក​ក្លាយទៅជា​អ្នក​ដែល​មាន​ភាព​ប៉ិនប្រសប់​នៅ​ក្នុង​ការ​និយាយ ៖


1. ប្រើប្រាស់​ភ្នែក ៖ពេល​ដែល​អ្នក​ធ្វើការ​ឡើង​និយាយ ក្នុង​ចំណោម​មនុស្ស​ជាច្រើន​អ្នក​ត្រូវ​ប្រើប្រាស់​នូវ​ក្រសែភ្នែក​របស់​អ្នក​ឲ្យ​បាន​ល្អ ដោយ​សម្លឹង​មើល​​ទៅ​អ្នកគ្រប់គ្នា​ដោយ​សេចក្ដី​គោរព​និង​មាន​ភាព​សមរម្យ អ្នក​ត្រូវ​សម្លឹង​ឆ្ពោះ​ទៅ​មុខ​ត្រង់​ហើយ​រេ​ឆ្វេង​ស្ដាំ​ក្នុង​កម្រិត ២៥​ដឺក្រេ។

2. កំណត់​អំពី​ចំណុច​សំខាន់ៗ​ដែល​អ្នក​ចង់​និយាយ ៖ ពេល​ខ្លះ​អ្នក​បាន ​ធ្វើការ​និយាយ​នូវ​សម្ដី​ជា​ច្រើន​នៅ​ក្នុង​ការ​និយាយ​ជា​សាធារណៈ ប៉ុន្តែ​បែរជា​គ្មាន​ការ​ចាប់អារម្មណ៍​ពី​អ្នក​ស្ដាប់​ទៅ​វិញ ដូចនេះ​អ្នក​ត្រូវ​តែ​កំណត់​ឲ្យ​បាន​ច្បាស់​ពី​អ្វី​ដែល​អ្នក​ត្រូវ​តែ​និយាយ។ មានន័យថា​គ្រប់​ពាក្យ​សម្ដី​របស់​អ្នក ដែល​អ្នក​​និយាយ​ទៅ​ហើយ ត្រូវតែ​មាន​ប្រយោជន៍​សម្រាប់​អ្នក​ស្ដាប់​អ្នក​និយាយ​ ។


3. និយាយ​ឲ្យ​បាន​ច្បាស់ ៖ ភាសា និង សំឡេង​ដែល​អ្នក​និយាយ អ្នក​ត្រូវ​តែ​ប្រាកដ​នៅ​ក្នុង​ចិត្ត​ថា វា​មាន​ភាព​ច្បាស់​សម​ល្មម​អាច​ទទួល​យក​បាន ធ្វើ​ឲ្យ​គេ​អាច​ទទួល និង​ជ្រាប​ច្បាស់​ពី​អ្វី​ដែល​យើង​និយាយ។ នៅ​ពេល​ដែល​អ្នក​និយាយ​នៅ​ក្នុង​ចំណោម​អ្នក​ចូលរួម​​ជាច្រើន អ្នក​​ត្រូវតែ​និយាយ​ឲ្យ​​បាន​ច្បាស់ ដោយ​មិន​​ត្រូវ​ញ៉ាំ​របស់​អ្វី​​នៅ​ក្នុង​​មាត់​របស់​​​​​​អ្នក​​ឡើយ ។


4. កែតម្រូវ​នូវ​សម្ដី​របស់​អ្នក​ទៅ​តាម​ស្ថានភាព​នៃ​អ្នក​ចូលរួម ៖ អ្នក​ត្រូវតែ​ដឹង​ឲ្យ​បាន​ច្បាស់​ថា អ្នក​ចូលរួម​ស្ដាប់​ការ​និយាយ​របស់​អ្នក​ជា​នរណា? មាន​កម្រិត​វប្បធម៌​បែប​ណា? មាន​ឋានៈ​តួនាទី​ជា​អ្វី? តើ​សម្ដី​ដែល​អ្នក​ត្រូវ​និយាយ​ជាមួយ​បុគ្គល​ដែល​ឋានៈ​ខ្ពស់ អ្នក​ត្រូវ​ប្រើប្រាស់​នូវ​សម្ដី​បែប​ណា? មាន​ព្រះ​សង្ឃ​ចូលរួម​អ្នក​ត្រូវ​ប្រើប្រាស់​ភាសា​បែប​ណា ? ​អ្នក​ចូលរួម​របស់​អ្នក​ជា​បុគ្គល​ដែល​មាន ចំណេះដឹង​ទាប​ជាង ជា​បុគ្គល​ដែល​មាន​វ័យ​ទាប​ជាង​អ្នក តើ​អ្នក​ត្រូវ​ប្រើប្រាស់​​នូវ​សម្ដី​បែប​ណា ?


5. កុំ​ប្រើប្រាស់​សំឡេង​របស់​អ្នក​និយាយ​តែ​មួយ​បែប ៖ ការប្រើប្រាស់​សំឡេង​វា​ពិតជា​មាន​សារៈសំខាន់​ណាស់ អ្នក​ត្រូវ​ចេះ​​ធ្វើការ​លើកដាក់​សំឡេង​របស់​អ្នក​ទៅតាម​ស្ថានភាព កាលៈទេសៈ និង​ពេលវេលា​ដោយ​ផ្អែក​ទៅ​លើ​ស្ថានភាព និង​អារម្មណ៍​របស់​អ្នក​ចូលរួម ។ អ្នក​ត្រូវ​ចេះ​វិធីសាស្ត្រ​ពញ្ញាក់​អារម្មណ៍​ដល់​អ្នក​ចូលរួម​របស់​អ្នក ឲ្យ​ពួក​គេ​មាន​ការ​​ចាប់​​អារម្មណ៍​ចំពោះ​ប្រធានបទ​ដែល​អ្នក​កំពុង​តែ​និយាយ ។


7. និយាយ​ឲ្យ​បាន​ឮ ៖ អ្នក​ចូលរួម​របស់​អ្នក​នឹង​អាច​ស្ដាប់ឮ​នូវ​អ្វី​ដែល​អ្នក​បាន​ អត្ថាធិប្បាយ​ប្រសិនបើ​អ្នក​និយាយ​បាន​ឮ និង​ច្បាស់​ល្អ​បើ​ទោះបីជា​ពួកគេ​អង្គុយ​នៅ​កន្លែង​ដែល​មាន​សភាព​អ៊ូអរ​ក៏ដោយ ។


8. មាន​ភាព​ស្មោះត្រង់​ត្រូវ​និយាយ​អំពី​អ្វី​ដែល​មាន​ភាព​វិជ្ជមាន​និង​ត្រឹមត្រូវ ៖ អ្នក​គួរតែ​រៀន​និយាយ​ពី​អ្វី​ដែល​ត្រឹមត្រូវ ផ្អែកលើ​ការពិត​ជាក់ស្ដែង និយាយ​ពី​អ្វី​ដែល​ជះ​ផល​ជា​វិជ្ជមាន មិន​នាំ​រឿង​គេ កុំ​សូវ​និយាយ​ពី​ចំណុច​អាក្រក់ៗ​របស់​គេ​ពេក គួរតែ​លើក​ចំណុច​កែ​លម្អ​ទើប​ប្រសើរ​ជាង។


9. ត្រូវ​មាន​ភាព​គួរសម ៖ អ្នក​ត្រូវ​មាន​ភាព​គួរសម​ចំពោះ​ការ​និយាយ​ស្តី គោរព​អ្នក​ចូលរួម​របស់​អ្នក បើ​ទោះបីជា​អ្នក​នោះ​មាន​កម្រិត​ការ​យល់ដឹង និង វ័យ​ទាប​ជាង​យើង​ក៏ដោយ ។ ភាសា​របស់​អ្នក​ត្រូវ​ប្រាកដ​ថា​វា​ជា​ភាសា​ដែល​មិន​បង្ក​ឲ្យ​មាន​ភាព​មិនល្អ​ ចំពោះ​​​​ការ​អត្ថាធិប្បាយ​របស់​អ្នក​ឡើយ ។មាន​ន័យ​ថា​ភាសា​ដែល​អ្នក​និយាយ​ទៅ​គឺ​ជា​ភាសា​បែប​​អ្នក​មានគំនិត​ប្រាជ្ញា ជា​បុគ្គល​ដែល​មានការ​យល់ដឹង​ខ្ពស់​ជា​បុគ្គល​ដែល​មាន​ក្រមសីលធម៌​ល្អ។


10. ប្រើប្រាស់​ដៃ​របស់​អ្នក ៖ ការ​ប្រើប្រាស់​កាយវិការ​របស់​អ្នក​ត្រូវ​សមស្រប​ជាមួយ​នូវ​សម្ដី​របស់​អ្នក ពេល​ខ្លះ​អ្វី​ដែល​អ្នក​និយាយ​គេ​មាន​ការ​ពិបាក​យល់ ប៉ុន្តែ​បើ​អ្នក​ពូកែ​ប្រើប្រាស់​នូវ​កាយវិការ គេ​អាច​មាន​ការ​ងាយ​យល់​ជាង ។


11. ចេះ​និយាយ​អំពី​រឿង​កំប្លែង​ឬ​ពាក្យ​កំប្លែង ៖ នៅ​ពេល​ដែល​អ្នក​គិត​តែ​ពី​និយាយ​ដោយ​មិន​មាន​ការ​លាយឡំ​នូវ ឧទាហរណ៍ ឬ​មិន​បាន​លើក​រឿងរ៉ាវ​ណាមួយ​មក​បញ្ជាក់​​ពេលនោះ អ្នក​​ចូលរួម​​របស់​អ្នក​ប្រាកដ​ជា​មាន​អារម្មណ៍​ធុញទ្រាន់​ជាក់ជា​មិនខាន​ដូច្នេះ អ្នក​ត្រូវ​ចេះ​រកនឹក​រឿង​កំប្លែង​ដើម្បី​ធ្វើ​ឲ្យ​​មាន​បរិយាកាស​រឹតតែ​រីករាយ​ឡើង៕
សូមអរគុណ៖​ http://success.com.kh

Post a Comment

 
Top