សុភាសិតខ្មែរ [គុណនាម] [បាលី] ,[សំស្ក្រឹត] [សុភាឞិត ] ជាឃ្លាខ្លីៗ តែមានអត្ថន័យជ្រៅជ្រះ ជាឱវាទល្អៗដែលមានប្រយោជន៍គួររៀនគួរស្ដាប់។ ទំព័រនេះគឺជាកម្រងប្រមូលផ្ដុំសុភាសិតខ្មែរ ដកស្រង់ចេញពីសៀភៅ ប្រមូលភាសិតខ្មែរ ផ្សាយចេញពីសមាគមសម្ដេច ជួន ណាត។
សូមអរគុណ៖http://asatchomlaek.blogspot.com/
ក
- កកក៏បាយ មេម៉ាយក៏ស្រី។
- ក្រអ្វីក្រចុះ កុំឲ្យតែក្រគំនិត។
- ក្រមុំដណ្ដឹងម្ដាយ មេម៉ាយដណ្ដឹងចិត្ត។
- ក្រពើវង្វេងបឹង។
- កាត់ទឹកមិនដាច់ កាត់សាច់វាឈឺ។
- កាប់បំពង់ រង់ចាំទឹកភ្លៀង។
- ការប៉ុនភ្នំមិនគិត ទៅគិតឯស្គរបែកមាត់។
- ការមិនបៀតបៀនគ្នា ជាប្រភពនៃសន្តិសុខក្នុងផ្ទៃលោក។
- (ព្រះធម្មវរោត្តម តុង ឈួន) ការអប់រំ គឺជាការហ្វឹកហ្វឺននូវសក្ដានុភាព ដែលជាគ្រឿងពង្រីកបណ្ដុះ ឬ បង្កើនចំណេះវិជ្ជា។
- ការយល់ដឹងតែមួយដង អាចធ្វើឲ្យជីវិតទាំងមូលមានន័យ។
- ការធ្វើវិនិយោគចំណេះដឹងតែងនាំមកនូវផលប្រយោជន៍ដ៏ប្រសើរបំផុត។
- កោកៗសឹកតែមាត់ ត្រដោកឆ្អែតតែពោះក្របី។
- កោសមិនដាក់ទឹក។
- ក្ដៅថ្ងៃមិនស្មើក្ដៅចិត្ត។
- ក្ដៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ។
- កំភ្លាញស្លាប់ព្រោះមាត់ ខ្វែកស្លាប់ព្រោះអាចម៍។
- កំហុសរមែងមានដល់អ្នកធ្វើ អ្នកនៅឥតអំពើបានអ្វីនឹងខុស។
- កុំខ្វើកតាមខ្យល់ កុំខ្វល់តាមរលក។
- កុំគូរមុនគិត។
- កុំជិះចង្អេរលើកខ្លួនឯង ក្បាលទូលកញ្ច្រែងកុំក្អេងក្អាង កុំដេកទទូរចាំសំណាង កុំអាងព្រះប្រោសត្រូវតែប្រឹង។
- កុំឈ្លោះនឹងស្រី កុំក្ដីនឹងគ្នាឯង។
- កុំដេកផ្សងព្រេង កុំវង្វេងខុសផ្លូវ។
- កុំដេកចាំស្លាប់ អង្គុយចាំមាន ខ្មាសល្ងង់ទើបចេះ ខ្មាសក្រទើបមាន ដឹងខ្លួនថាល្ងង់ គង់បានជាប្រាជ្ញ កុំស្លាប់មុនរស់ រស់ហើយសឹមស្លាប់ ចូរសេពអ្នកប្រាជ្ញ កុំត្រាប់មនុស្សពាល។
- (ព្រះគ្រូធម្មបណ្ឌិត គង់ ស៊ឹម) កុំដាំស្រូវនៅផ្លូវដំរី។
- កុំទុកចិត្តមេឃ កុំទុកចិត្តផ្កាយ កុំទុកចិត្តប្រពន្ធថាគ្មានសហាយ កុំទុកចិត្តម្ដាយថាគ្មានបំណុល។
- កុំទុំមុនស្រគាល។
- កុំផ្ទុកតាមទូកថ្វែ។
- កុំពត់ស្រឡៅ កុំប្រដៅស្រីខូច។
- កុំពាក់មុខយក្ស កុំពាក់ស្បែកខ្លា។
- កុំពូតផ្សែងជាដុំ កុំយកភ្នំទ្រាប់អង្គុយ។
- កុំយកស្រឡៅធ្វើខ្នួច កុំសម្រួចឈើពុក។
- កុំរាយមុខដឹង កុំទទឹងមុខសឹក។
- កុំរៀននៅទំនេរខាតការកម្ម កុំរៀនបណ្ដាក់ចាំជាពេលក្រោយ កុំរៀនប្រហែសមើលងាយនាំធ្លោយ កុំរៀនមិនឲ្យទានស្មូមយាចក។
- កុំអាងថា បើមានមិនបាច់ខំ បើរលំមិនបាច់ច្រាន។
- កុំឲ្យប្រព្រឹត្តទុច្ចរិត ដោយការគប់មិត្រលបចងពន្ធ លួចលាក់មានស្រីសហាយស្មន់ ក្បត់ចិត្តប្រពន្ធឲ្យមួរហ្មង។
គ
- គេខុសកុំអាលអរ គេសាទរកុំអាលអួត ។
- គ្មានកម្លាំង គ្មានបញ្ញា គ្មានអាហារ គ្មានជីវិត។
- គ្នាច្រើនអន្សមខ្លោច គ្នាដូចស្រមោចអន្សមឆៅ។
- គុកនិងសោគឺចោរបង្កើត ឱសថល្អឆើតកើតពីរោគ ដំណេកកើតពីការងុយងោក មនុស្សក្នុងលោកកើតពីកម្ម។
- គ្រូកាចសិស្សខូច។
- គ្រូទាយ ម្ដាយថា។
- គួរគិតជីវិតពុំទៀងទាត់ តែងតែបែរបត់កាន់ក្តីស្លាប់ ពុំដែលបានស្រួលប្រែប្រួលឆាប់ ក្រឡាប់ស្ងាត់សូន្យចាកកូនចៅ។
- គោដំបៅខ្នង ក្អែកហើររំលង រសាយកន្ទុយ។
ឃ
- ឃាត់កំហឹងដោយប្រឹងអត់អោនបាន ឃាត់ពាលសាមាន្យដោយអាជ្ញាបុគ្គល ឃាត់ចិត្តចាកទោសា ប្រសើរថ្លៃថ្លាក្នុងលោកិយ។
- ឃាត់ចិត្តចាកក្ដីស្នេហា ក្នុងកាមតណ្ហានាលោកិយ ដូចយកអំបោះចងដំរី ពិបាកពេកក្រៃគួរវៀរមុន។
- ឃ្លាតកាយ ណាយចិត្ត។
- ឃ្លានឆ្ងាញ់ ស្រលាញ់ល្អ។
- ឃុបឃិតជនពាល រាលទុក្ខដល់ខ្លួន។
- ឃុបឃិតបណ្ឌិត សុខមួយជីវិតឥតទុក្ខា។
- ឃើញខ្លាដេកថាខ្លាស្លាប់ ឃើញខ្លាក្រាបថាខ្លាសំពះ។
- ឃើញគេទៅកុំឲ្យខាន ឃើញគេបានកុំឲ្យទៅ។
- ឃើញឈើពុក កុំអាលដាក់គូទអង្គុយ (ឬ កុំអាលដាក់គូទលើ)។
- ឃើញដំរីជុះ កុំជុះតាមដំរី (ឬ ដំរីជុះ កុំជុះតាមដំរី)។
- ឃើញថ្លុកថាជាថ្នល់ ក្រែងកំហល់កំហុសមាន។
- ឃើញពីនាយកុំអាលទាយអាក្រក់ល្អ លុះឃើញជាក់ជាខ្មៅសទើបថាបាន បើបណ្ដោយតាមគំនិតដែលគិតស្មាន នឹងរំខានព្រោះការខុសកំហុសខ្លួន។
- ឃើញសម្បកថាខ្លឹមរុក្ខា យល់ពួកបច្ចាថាជាមិត្រ ពាលប្រឡំថាបណ្ឌិត ច្រឡំលាមកពិតថាបុប្ផា។ ឃ្លានកុំអាលស៊ី ងងុយកុំអាលដេក យប់កុំអាលនិយាយជាមួយស្រី។
- ឃ្លានក្រៃណាឆ្ងាញ់ ស្រឡាញ់ក្រៃណាល្អ (ឬ ពិសាក្រៃណានឹងឃ្លាន អាក្រក់ប៉ុន្មានក្រៃណានឹងចិត្ត)។
- ឃ្លេមិនខ្លាច ទៅខ្លាចខ្លា។
- (រឿងអាខ្វាក់អាខ្វិន) ឃ្លោកលិច អំបែងអណ្ដែត។
- ឃ្វាលក្របីជិះក្របី ឃ្វាលគោជិះគោ។
- ឃ្វាលចិត្តលំបាកពេកពិត ដូចឃ្វាលពពក។
- ឃ្វាលគោក្របីដោយអាជ្ញា ឃ្វាលចិត្តល្អជាដោយអំណត់។
- ឃ្វាលចិត្តឥតកំណាញ់ ដោយលះបង់កុំប្រណី។
- ឃ្វាលនគរដោយពលរដ្ឋប្រុសស្រី រួមសាមគ្គីតាមរដ្ឋបុរសជាតិ។
ង
- ងប់នឹងកូនប្រពន្ធទ្រព្យ ព្រះថាអភ័ព្វព្រោះជាប់ចំណង។
- ងប់នឹងញាតិ ឃ្លាតច្បាប់។
- ងប់នឹងមាសប្រាក់ ខូចយសសក្ដា។
- ងប់នឹងប្រុស ខូចព្រហ្មចារី។
- ងប់នឹងប្រុស ខូចឈ្មោះមួយជាតិ។
- ងប់នឹងស្រី ចំណីទុក្ខ។
- ងប់នឹងល្បែង តែងហិនហោច។
- ងប់នឹងល្បែង តែងវិនាស។
- ងប់នឹងស្រា ខូចស្មារតី។
- ងប់នឹងពាក្យសរសើរ គេថាភ្លើ។
- ងប់នឹងពាក្យបង្អាប់ ស្លាប់គំនិត។
- ងប់នឹងស័ក្ដិយស ស្អុយទាំងអស់ក្នុងលោកិយ។
- ងប់នឹងជំនឿ រឿគំនិត។
- ងាប់ដើម្បីជាតិមាតុភូមិ ទេវតាឥន្ទ្រព្រហ្មចោមឲ្យពរ។
- ងាប់ខ្លួន សមសួនជាងងាប់កេរ្តិ៍ឈ្មោះ។
- ងាប់គំនិត ងងឹតដល់ស្លាប់។
- ងាប់ទាំងរស់ ស្អុយទាំងស្រស់។
- ងាប់ដៃជើង ថ្កើងជាងងាប់ពាក្យសម្ដី។
- ងាប់នឹងស្រី ចង្រៃមួយជាតិ។
- ងាប់នឹងសំដី ដូចត្រីកំភ្លាញ។
- ងាប់នឹងអាចម៍ឯង ជាក់ស្ដែងដូចខ្វែក។
- ងាប់ព្រោះគំនិត ដូចកាំបិតចិតដងឯង។
- ងាប់ជាតិ ព្រោះឃ្លាតសាមគ្គី។
- ងាប់នយោបាយ ព្រោះស្ដាយលាភ។
- ងាប់ស្តួក ដូចឃ្លោកទុំ។
- ងាយមិនក្រៃណានឹងបាន មានមិនក្រៃណានឹងអ្នកបានសុខ ចេះក្ដីមិនក្រៃណានឹងម្ចាស់ស្រុក។
- ងើយ(ឬ ងើប)ស្កក ឱនដាក់គ្រាប់។
ច
- ចង់ធំខំពីតូច បើខ្លាចខួចកុំឆាប់ខឹង ការអ្វីឲ្យចេះថ្លឹង កុំប្រឹងជុះតាមដំរី ។
- ចង់ប្រាជ្ញឲ្យខំប្រឹង ចងក្បិនតឹងរកស៊ីធូរ គំនិតមុនគំនូរ រៀនធ្វើគ្រូមានគេរាប់ ។
- ចង់ឲ្យមានជួញអង្ករ ចង់ឲ្យក្រជួញឡាន។
- ចង់ចេះឲ្យធ្វើល្ងង់។
- ចង់ស្រួចដូចបន្លា ត្រូវឧស្សាហ៍ដុសដែកដុល។
- ច្របាច់កចិន លៀនអណ្ដាតខ្មែរ។
- ចម្ងល់គឺជាបិតានៃការច្នៃប្រឌិត។
- ចម្ងល់គឺជាការចាប់ផ្ដើមមិនមែនជាចុងបញ្ចប់នៃបញ្ញាទេ។
- ចង្អៀតផ្ទះនៅបាន ចង្អៀតចិត្តនៅពុំបាន។
- ចាក់អង្ករយកអង្កាម។
- ចានមួយរាវ លែងអីរណ្ដំគ្នា។
- ចាញ់ចត្រង្គអស់ប្រាជ្ញា ចាញ់តណ្ហាអស់កុសល។
- ចាញ់បានជាព្រះ ឈ្នះបានជាមារ។
- ចាប់ក្ដាមដាក់ចង្អេរ។
- ចាប់នេះចាប់នោះ មិនឆ្ពោះត្រង់ណា។
- ចាប់ច្រវាក្រាក សម្លឹងជ្រោយ។
- ចាប់ត្រីបាន កុំឲ្យល្អក់ទឹក។
- ចាប់ត្រីដៃពីរតម្រាហាម ចាក់អង្ករយកអង្កាមហាមមិនឈ្នះ អុំទូកឡើងភ្នំខំមានៈ បង់ព្រះទៅសំពះឯបាយាប (អារក្ស)។
- ចាប់វល្លិមួយ រញ្ជួយរាល់ដើម។
- ចាស់អាងស្លាប់ ពាលអាងកាប់ ក្មេងអាងយំ។
- ចិត្តល្អ ក្រខ្លួន។
- ចិត្តល្អ ក្រមិនយូរ។
- ចិត្តជាទេវទត្ត មាត់ជាទេវតា។
- ចិញ្ចឹមកូនខ្លា វាសងគុណ។
- ចិញ្ចឹមមនុស្សខូច ដូចចិញ្ចឹមខ្លា។
- ចូលព្រៃទាន់ព្រឹក ចង់សឹកទាន់ក្មេង។
- ចូលស្ទឹងតាមបទ ចូលស្រុកតាមប្រទេស។
- ចូរមើលកាលវែង កុំមើលកាលខ្លី។
- ចូរសេពអ្នកប្រាជ្ញ កុំត្រាប់មនុស្សពាល។
- ចេះដប់មិនស្មើប្រសប់មួយ។
- ចេះឯង ឲ្យក្រែងចេះគេ។
- ចេះពីរៀន មានពីរក ក្រពីខ្ជិល។
- ចេះមកពីរៀន មានមកពីរក។
- ចំណេះបានពីរៀន មានបានមកពីរក។
- ចំណេះវិជ្ជាលោកចែងចាត់ ទុកជាសម្បត្តិសម្បូរបាន ទោះបីក្រខ្សត់អត់ប៉ុន្មាន គង់តែបានគ្រាន់អាស្រ័យ។
- ចំណីឆ្ងាញ់កុំទុកស្អែក។
- ចំណីច្រើនមុខច្រើនពិសា កូនច្រើនបាច្រើនល្អ ។
- ចុះទឹកក្រពើ ឡើងលើខ្លា។
ឆ
- ឆ្មាមិននៅ កណ្ដុរឡើងរាជ្យ។
- ឆ្ងាយកាយ ណាយចិត្ត។
- ឆ្ងាញ់មាត់មិនស្អិត ដូចចិត្តឆ្ងាញ់។
- ឆ្អិនគំនិតពិតជាឆ្អិនគ្រប់យ៉ាង ឆ្អិនព្រេងសំណាងផុតទុក្ខា។
- ឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ។
- ឆ្កែខាំឲ្យរកម្ចាស់ គោឆ្កឹះឲ្យរកនាយ។
- ឆ្កែខាំកុំខាំឆ្កែវិញ។
- ឆ្កែទាល់ច្រក រលកទាល់ច្រាំង។
- ឆ្កែព្រូសមិនដែលខាំ ផ្គរលាន់រអាមិនដែលភ្លៀង។
- ឆ្នាំងណាគ្របនឹង។
- ឆ្លុះកញ្ចក់ ធេ្មចនេត្រា។
ជ
- ជក់នឹងល្បែង តែងវិនាស។
- ជាការងាយក្នុងការធ្វើការងារមួយបានល្អ ជាងពន្យល់គេពីរបៀបធ្វើការងារនោះ។
- ជាតិទាពូជទាប ចង់នៅទីរាប មិនចង់ឡើងធ្នើរ។
- ជាតិជាអ្នកជា ស្ងាត់ស្ងៀមកិរិយា មិនចេញក្អេងក្អាង ឯសន្តានពាលចេញឫកអាងយ៉ាង ភ្លាត់ស្នៀតស្រទាង ព្រោះព្រុយមិនឈប់ ។
- ជាងទងស៊ីរងកំបែក ជាងដែកស៊ីហែកនឹងដៃ។
- ជាងមិនកើតបន្ទោសដែក។
- ជ្រងោប៉ុនគល់ មិនយល់ប៉ុនសក់។
- ជ្រាយរអៀច ដូចបបរឈ្មោល។
- ជ្រូកស្លាប់ ព្រោះសាច់។
- ជួញខាតកុំឈប់ខាន បើចង់បានកុំខ្លាចបង់។
- ជំពប់ជើងគង់បាក់ ជំពប់មាត់បង់ប្រាក់។
- ជ្រើមដូចមហាត។
- ជ្រៃលោមស្រឡៅ ត្រាវលោមបឹង។
- ជ្រៅដូច ក្ដិតចាន។
- ជ្រៅតែមាត់ គំនិតរាក់កំភែល។
- ជ្រះថ្លាតែមាត់ ចិត្តស្មូរជន។
- ជិះក្របីចម្លងភក់ ស្រណុកជាជាងហែល។
ឈ
- ឈាមស្រែកស្បែកហៅ។
- ឈឺធ្ងន់យកដំរីទៅបន់ ដល់ជំងឺស្រន់យកពងមាន់ទៅថ្វាយ។
- ឈឺជើងធាត់ ឈឺមាត់ស្គម។
- ឈើពុក កុំដាក់គូថលើ។
- ឈើកោងវល្លិព័ទ្ធ មនុស្សខ្ចាត់ព្រាត់កុំយកខ្លួនបៀត។
- ឈ្នះអ្នកខ្ពស់ដោយបន្ទន់ប្រាណ ឈ្នះអ្នកក្លាហានដោយទម្លាយ ឈ្នះអ្នកខ្សោយដោយសម្លបាយ ឈ្នះអ្នកស្មើកាយដោយការព្យាយាម ។
- ឈ្មោះខ្លួនបែបណា ខំធ្វើការឲ្យដូចឈ្មោះ។
- ឈ្លោះនឹងស្រីនាំឲ្យហិន ក្ដីនឹងចិននាំឲ្យថោក។
- ឈ្លោះនឹងបរទេស កុំធ្វេសគំនិត។
ញ
- ញញឹមស្មើ សើចស្ទើរ សំដីពីរោះ ការណ៍ទាំងនោះចូរប្រយ័ត្ន ។
- ញ៉ាមដូចក្ដាម ស៊ីអាចម៍។
- ញាតិផ្ទាល់ បើមិនស្គាល់គឺអ្នកដទៃ។
- ញាតិនិងមិត្រ បើញាតិមិនគិត មិត្រប្រសើរជាង។
- ញៀននឹងស្រីចំណីទុក្ខ។
- ញៀននឹងល្បែងតែងហិនហោច។
- ញៀននឹងបៀប៉ោ អស់ខោអស់អាវ។
- ញៀននឹងបៀ គឃៀរស្លៀកពាង។
- ញៀននឹងលាភ ថោកទាបដូចសត្វ។
- ញៀននឹងស្រា ដេកផ្ងាក្នុងផ្លូវ។
- ញៀននឹងល្បែងតែងបង់យស។
ដ
- ដាវមុតៗមែនក្នុងស្រោម វិជ្ជាចេះព្រមនៅក្នុងក្បួន ប្រពន្ធគាប់ចិត្តនៅឆ្ងាយខ្លួន ដល់ជូនត្រូវការរអាចិត្ត ។
- ដល់ត្រើយ សើយគូថ។
- ដង្កូវចេញពីសាច់ ច្រែះចេញពីដែក។
- ដាក់ទុកកូនចៅ ឲ្យមើលផៅសន្តាន។
- ដឹកគោញី បន្ស៊ីគោលឈ្មោល។
- ដឹងឆ្លើយព្រោះដង កូនឆ្គងព្រោះមេបា។
- ដឹងរង្គោះ បោះបណ្ដោយ។
- ដឹងថាខ្លួនល្ងង់ គង់បានជាប្រាជ្ញ។
- ដឹងបាំងតាមសាប់ ច្បាប់កាត់តាមពាក្យ។
- ដុតឲ្យខ្លោច រោចឲ្យឆៅ។
- ដូចដេកផ្ងារស្ដោះដាក់ទ្រូងឯង។
- ដូច (ជាគេ) អូសឆ្កែឲ្យចុះទឹក។
- ដូចខ្វៀនកន្ទុយឆ្កែ ទោះនៅប្រែពត់ពុំត្រង់។
- ដូចក្រពើ វង្វេងបឹង។
- ដួលត្មោល ដូចគ្មានអីទប់។
- ដួលមិនបាច់ច្រាន បានមិនបាច់ខំ។
- ដើមនៅឯស្រែ ផ្លែនៅឯផ្សារ។
- ដើរដោយផ្លូវគន្លង តម្រាយអ្នកចាស់បុរាណ។
- ដើរឲ្យរំពៃ អង្គុយឲ្យរំពឹង។
- ដើរឲ្យមានបី ស្រដីឲ្យមានបួន។
- ដើម្បីធ្វើរឿងធំមួយត្រូវគិតជាមុនសិនចាំធ្វើជាក្រោយ។
- ដេកយប់កុំដេកយូរ ខ្លាចក្ដីទុជ៌នដល់ប្រាណ។
- ដេកមិនលក់កុំខំដេក។
- ដេកដល់ថ្ងៃ នាំចង្រៃខ្លួន។
- ដេកផ្ងារស្ដោះលើទ្រូងឯង។
- ដេកលើភ្លៅ ទៅបៅដោះអ្នកដទៃ។
- ដេកយប់ កុំនិយាយនឹងស្រី។
- ដេកទាល់ថ្ងៃ យកកម្ជិលដែលគេ។
- ដេកមិនលក់ បក់មិនល្ហើយ។
- ដេកផ្សំដួល រមួលផ្សំគ្រេច។
- ដេញទាន់កុំជាន់កែង។
- ដៃតូច ខ្លួនទាប ចង់ឈោងចាប់ផ្កាយ។
- ដៃភ្លើងជើងមាន់។
- ដាំដូងឲ្យខំថែ ចង់ស៊ីផ្លែឲ្យដុតគល់។
- ដាំជើងក្រាន មិនប្រមាណឆ្នាំង។
- ដំរីខ្វាក់ ទ្រមាក់ឆ្កួត។
- ដំរីជល់គ្នា ងាប់ស្មៅចិញ្ចៀន។
- ដំរីសាស្លាប់ យកចង្អេរបាំង។
- ដំបៅមិនឈឺ យកឈើទៅចាក់។
- ដោះស្រាយប្រស្នា ថ្កើងអ្នកប្រាជ្ញ។
- ដោះកន្ទែក អារឹសកូន។
ឋ
- ឋិតនៅក្នុងសេចក្ដីប្រមាទ ឈ្មោះថាស្លាប់។
ឌ
- ឌមជនគឺអ្នកថោក អាចប្រែក្លាយភាពជាខ្ពង់ខ្ពស់ ដោយការសេពគប់នឹងសប្បុរស ដង្កូវបានខ្ពស់ព្រោះបុប្ផា។
ឍ
- ឍាលិន ប្រែថាអ្នកកាន់ខែល ចេះកាប់ប្រហែលចេះការពារ ដូចអ្នកចេះដឹងមិនខ្លាចរា ឧបសគ្គនានាការពារបាន។ ខែលនិងអាវុធគឺវិជ្ជា នៃប្រុសនិងនារីគ្រប់ប្រាណ ដែលបានរៀនសូត្រយ៉ាងចំណាន ក្នុងភូមិភពឋាននាលោកិយ។
ណ
- ណាយកាយ ឆ្ងាយចិត្ត។
- ណែនាំខុសផ្លូវ តែងទៅអបាយមុខ។
- ណែនាំកូន ត្រូវប្រដៅខ្លួនទុកជាគំរូ។
ត
- តសំពៅ មិនត្រូវស្ដាយដែក។
- តវាសនា ឲ្យខំសន្សំបុណ្យ។
- តដងរែក ឲ្យល្មមនឹងស្មា។
- តកម្លាំងឲ្យសេពអាហារ។
- តក់ៗពេញបំពង់។
- តមមេស៊ីពង ស៊ីរងសម្បុក។
- ត្រង់ មិនឈ្នះទាល់។
- ត្រីឆ្ដោរស៊ីកូនឯង។
- ត្រីងៀត ឆ្លៀតពង។
- ត្រីមួយត្រកតែស្អុយមួយ ស្អុយទាំងអស់។
- តឹងគិតឲ្យធូរ យូរគិតឲ្យឆាប់។
- តឹងព្អឹះដូចអូសឫស្សីច្រាស់ចុង។
- ត្រឹកៗដល់ផ្ទះ តូងតាងដេកផ្លូវ។
- ត្រកូលសជាតិ មារយាទសពូជ។
- ត្រួសត្រាយទុក ស្រណុកជាងកែកុន។
- ត្រូវសន្សំទ្រព្យ តិចៗត្រឡប់ ចំរើនធាត់ធំ។
- ត្រៀមទុកមុន មិនស្កុនការ។
- ត្រេកអរមុន ទុក្ខក្រោយ។
ថ
- ថយយស ព្រោះព្រហើន។
- ថិតថេរតែខ្លួន ចិត្តផ្ទួនតែទុក្ខ។
- ថោកអីនៅដៃថ្លៃអីនៅមាត់។
ទ
- ទាហានថ្កើងដ្បិតសឹក ធ្វើស្រែដ្បិតទឹក ត្រឹកពលព្រោះបាយ សិស្សប្រាជ្ញដ្បិតគ្រូ ជេរពោលដំវាយ ពលថ្កើងដ្បិតនាយ ហ្វឹកហ្វឺនខះខំ ។
- ទំពក់វាទៅ ទើបព្នៅវាមក។
- ទ្រព្យច្រើនព្រួយរក្សា ទ្រព្យតិចណាព្រួយរិះរក។
- ទ្រព្យធនទោះថោកថ្លៃ រួមរក្សាកុំបីធ្លោយ។
- ទន្លេដប់ មិនស្កប់សមុទ្រមួយ។
- ទឹកថ្លាល្គឹកបើល្អក់ ដ្បិតរលកបោកសោះសា។
- ទឹកជន់ បុណ្យស្ដេច។
- ទឹករាក់ត្រឹមភ្លៅ ទឹកជ្រៅ ត្រឹមជង្គង់។
- ទឹកត្រជាក់ត្រីកុម ទឹកក្ដៅត្រីរត់ចេញ។
- ទឹកបាក់ទៅទាប ដីខ្ពស់កណ្ដៀរពូន។
- ទឹកហូរមិនដែលហត់ ព្រះពុទ្ធមិនដែលខឹង។
- ទឹកហូរមិនដែលហត់ ប្រុសស្បថកុំឲ្យជឿ។
- ទឹកថ្លាលាងសក់ ទឹកល្អក់លាងជើង។
- ទុកចោលវាចាស់ ប្រើណាស់វាថ្មី។
- ទូកទៅ កំពង់នៅ។
- ទូកយើងវែង ទូកគេខ្លីតាមគេមេ្តចទាន់។
- ទូកដាច់យកទូកតាម។
- ទូកបែកជាទូកគត់ ទូកកំបុតជាទូកកង។
- ទាំងអ្នកមាននិងអ្នកក្រគឺជាកូនចៅនៃគំនិត។
- ទៅឥតគេរក មកឥតគេហៅ។
ធ
- ធ្ងន់នៅថ្ម ក្រនៅក្តី។
- ធ្វើមិនបាច់ភ្ជួរ រក្សាតែមួរ ស៊ីស្រូវមិនអស់។
- ធ្វើគុណបានទោស ដូចប្រោះខ្លាស្លាប់។
- ធ្វើបាបមិនធ្វើបុណ្យ លែងជាតិទៅនៅនរក។
- ធ្វើស្រែទាន់ក្ដៅដី ចង់ស្រីទាន់ក្ដៅចិត្ត។
- ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ។
- ធ្វើស្រែឲ្យមើលស្មៅ ទុកដាក់កូនចៅឲ្យមើលផៅសន្ដាន។
- ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់។
- ធ្វើចេះត្រូវគេប្រើ ធ្វើល្ងីល្ងើស្រណុកខ្លួន។
- ធ្វើការតិចចាយច្រើនចម្រើនក្រ។
- ធ្វើគុណ១០០សំពៅ ទោស១ចូលទៅរលាយគុណអស់។
- ធុងទទេឮខ្លាំងណាស់។
- ធ្នូស្នាបង់បាញ់ ធម៌បង់ទន្ទេញ ស្ត្រីបង់ភស្ដា របាំបង់លេងវង្វេងតម្រាចាត់ក្នុងមលាមន្ទិលសៅហ្មង។
- ធំតែខ្លួន ដូចឃ្លោក។
ន
- នារីមានប្ដីពីរបីដង ភិក្ខុផងនៅវត្តពីរបីវ៉ា បក្សីជាប់ជង់ពីរបីគ្រា មាយាពួកនេះធ្វើច្រើនក្រៃ ។
- និយាយបាតដៃជាខ្នងដៃ។
- និយាយច្រើនគេមិនស្ដាប់ អាប់ប្រាជ្ញា។
- និយាយបែកជាអូរ ហូរជាស្ទឹង។
- និយាយយប់ផ្ទប់ព្រៃ និយាយថ្ងៃព្រៃមានត្រចៀក។
- និរាសកុំមេ្ញញ ខឹងកុំទន្ទេញ ស្អប់កុំព្យាបាទ។
- នឹងលេបវាស្លាក់ នឹងខ្ជាក់វាស្លែង។
- នឹងឆីចង់ពិសា ខ្ជិលទំពាឲ្យម៉ដ្ឋហ្មង។
- នឿយណាយកុំដេក យកប្រពន្ធឲ្យមើលម្ដាយក្មេក ចូលដំណេកកុំនិយាយនឹងប្រពន្ធ។
- នៅផ្ទះម្ដាយទីទៃ ទៅព្រៃម្ដាយជាមួយ។
- នៅពេលដែលបុគ្គលម្នាក់មានចរិតមិនច្បាស់លាស់ចំពោះអ្នក ត្រូវរកមិត្តផេ្សង។
ប
- បង់ព្រះទៅសំពះឯបាយាប។
- បង់បោយមិនមើលប្រាណ ដាំជើងក្រានមិនប្រមាណឆ្នាំង។
- បន់ព្រះ សំពះទេព្ដា។
- បណ្ឌិតមានការមិនរករឿងជាកម្លាំង។
- បណ្ឌិតស្ងៀមស្ងាត់ ចាំស្ដាប់គ្រប់មាត់ អ្នកពោលប្រាស្រ័យ ប្រើស្មារតីគិតគំនិតកែខៃ ឲ្យបានជោគជ័យ ជាងពោលប៉ប៉ាច់ ។
- បញ្ញើទុក ស្មើបំណុល។
- ប្រពន្ធពីរ គោបី ដំរីមួយ នាំឲ្យព្រួយចិត្ត។
- ប្រហែសបាត់ ប្រយ័ត្នគង់។
- ប្រមាថម្ដាយ រំលាយព្រះ។
- ប្រមាថព្រៀងលាន តែងមានក្តីទុក្ខ។
- ប្រមាថចាស់ អាយុខ្លី។
- ប្រមាត់ដី អួតចង់ឡើងទ្រើង។
- ប្រញាប់ពេកដេកផ្លូវ។
- ប្រើខ្ញុំមើលមុខវា ទោះកាចជាមើលឲ្យស្ដែង។
- បាតដៃជាខ្នងដៃ។
- បានតែបាប មិនឆ្អាបមាត់។
- បានពីក្អែក ចែកទៅតាវៅ។
- បានមាស ក្រអីនឹងក្រដាសខ្ចប់។
- បាបកម្មកុំបីមាន សីលនិងទានឲ្យរិះគិត។
- ប្រាក់ក៏បង់ ថង់ក៏ដាច់។
- ប្រាជ្ញាបុណ្យផងកើតដោយប្រតិបត្តិ។
- ប្រះដេកឆាប់លក់ ត្បិតឥតបើគិត។
- បុណ្យបាត់ដ្បិតបាប លាបបាត់ដ្បិតឃោរ។
- បុណ្យក៏ធ្វើ ឈើក៏កាប់។
- បុរសទុកដូចមាស ស្រីទុកដូចទង់ដែង។
- បួសដោយវត្ត ចិត្តដោយខ្លួន។
- បំណាច់នឹងបាប ឲ្យឆ្អាបមាត់។
- បើត្រាប់ឯតាំងយូ ក្រឯគ្រូពុំគួរត្រាប់។
- បើនឹងរស់ឲ្យគាប់ បើនឹងងាប់ឲ្យគួរ។
- បើមិនជួយចូកជួយចែវ កុំយកជើងរាទឹក។
- បើប្រឹងនឹងស្រួច បាច់អីសម្រួចដូចបន្លា។
- បើឆីកុំតាមឃ្លាន មើលប្រមាណគ្រប់គ្នីគ្នា។
- បើកាចឲ្យគេកោត បើឆោតឲ្យគេអាណិត។
- បើក្រទ្រព្យក៏ក្រចុះ កុំឲ្យតែទាល់គំនិត។
- បើខឹងឲ្យខំអត់ បើខ្សត់ឲ្យខំរក។
- បើត្រាប់សត្វក្ងោក កុំបីត្រាប់ពុតទន្សាយ។
- បើមិត្តមិនល្អ កុំយកជាមិត្ត។
- បើឮសូរផ្គរ កុំអាលចាក់ទឹកចោល។
- បើស្ដីឲ្យពិនិត្យ ពាក្យណាពិតសឹងចរចា។
- បើកក្ដោងទាន់ត្រូវខ្យល់។
ផ
- ផឹកស្រាក្លាសំដី។
- ផ្ទុករទេះតាមចំណុះ។
- ផ្លែឈើមិនដែលជ្រុះឆ្ងាយពីគល់។
- ថ្លោះយស ព្រោះប្រមាថ។
- ផ្ទះធំស្រណុក ដ្បិតភរិយាជា។
- ផ្ទះបាក់បែក ឆាប់ទល់ទ្រ។
- ផោមក្នុងទឹកម្ដេចគង់ស្អុយ។
ព
- ពងមាន់កុំផ្ញើនឹងក្អែក។
- ពាក្យគ្រូរែងរឹង ស្រារែងស្រវឹង ពុំដែលពិសា។
- ពាក្យអប្រិយចាញ់អាត្មា។
- ពាក្យច្រើនភូត ចាញ់អាត្មា។
- ពាក្យស្លែងកុំស្អប់ ពាក្យគាប់ឲ្យយក។
- ពាក្យម្ដាយ ទំនាយគ្រូ។
- ពុតគ្រូកុំត្រាប់ ច្បាប់គ្រូឲ្យយក។
- ពូជទានៅតែទា ពូជមាន់នៅតែមាន់។
- ពូកែឯង ឲ្យក្រែងពូកែគេ។
- ពួនតែមុខ គូថនៅកណ្ដាលវាល។
- ពេលវេលាជាវត្ថុមានតម្លៃបំផុតសម្រាប់មនុស្សម្នាក់ៗ។
- ពេជ្រកើតពីថ្ម តែងទំពាស៊ីថ្មវិញ។
- ព្នៅនៅថ្នក់ ទំពក់នៅដៃ។
- ព្រះមិនសម ព្រហ្មមិនជួយ។
- ព្រះរាជាមាន ឥស្សរិយជាកម្លាំង។
ភ
- ភ័ព្វសំណាងផ្ដល់ឲ្យតែមនុស្សណា ដែលចេះលួងលោមវាប៉ុណ្ណោះ។
- ភរិយាល្អក្ររកបាន បើជាមានទុកធ្វើគំរូ។
- ភាពក្រីក្រនិងការមានទ្រព្យសម្បត្តិគឺជាពន្លកនៃគំនិត។
- ភូតនៅហោរ ចោរនៅជាង។
- ភ្លើងឆេះមកពីសំរាម។
ម
- មនុស្សពាលមានការរករឿងជាកម្លាំង។
- មនុស្សចេះគេថាកាច មនុស្សប្រាជ្ញគេថាព្រើល។
- មនុស្សកុំមើលងាយមនុស្ស។
- មនុស្សឆ្លាតគេថាឆោត មនុស្សប្រាជ្ញគេថាល្ងង់។
- មនុស្សកាចកុំប្រសព្វ កុំទៅគប់នឹងចោរខ្មួយ។
- មនុស្សបាក់ត្រង់ណា ល្អិតស្មៅត្រង់ណោះ។
- មនុស្សស្លាប់ ព្រោះវាចា។
- មនុស្សជាគេថាឆោត មនុស្សស្លូតគេថាល្ងង់។
- មនុស្សនឹងប្រាក់ យក្សនឹងសាច់។
- មនុស្សជាតិទាំងអស់ដែលកើតឡើងតាមធម្មជាតិតែងតែប្រាថ្នាចង់ដឹង។
- មានល្អព្រោះរោម រូបឆោមល្អព្រោះតែង។
- មានផ្ទះឥតមនុស្សនៅ មានផ្លូវឥតមនុស្សដើរ។
- មានគំនិត ឥតកំណើត។
- មានដំបៅទើបរុយវារោម។
- មាត់តែប្រកែក អម្រែកតែទទួល។
- មនុស្សចាប់ផ្ដើមរស់ពិតប្រាកដ នៅពេលគេអាចរស់នៅក្រៅខ្លួនឯង។
យ
- យកពងមាន់ទៅផ្ញើនឹងក្អែក។
- យកសំផឹងធ្វើប្រពន្ធ យកប្រពន្ធធ្វើសំផឹង។
- យប់មើលនឹងដៃ ថ្ងៃមើលនឹងភ្នែក។
- យល់ទោសថាជាគុណ យល់ឯបុណ្យថាជាបាប។
- យើងធ្វើគេ គេធ្វើយើងវិញដូចគ្នា។
រ
- រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក។
- រកស៊ីនិងក្ដិត ដូចពីងពាង។
- រកអុសប្រទះឈើងាប់។
- រស់ក៏គាប់ ងាប់ក៏គួរ។
- រស់នៅថាអាក្រក់ ស្លាប់បាត់មុខថាល្អ។
- រត់ឥតអំពើ ដើរអំណត់ចម្រើនជាង។
- រទេះបាក់មិនគិត ទៅគិតឯគោលួចដាំង។
- រទីសរទាស ដូចរាស្ត្រឥតស្ដេច។
- រលំមិនបាច់ច្រាន បានមិនបាច់ខំ។
- រហ័សតែពាក្យ ត្រគាកស្លាប់ស្ដូក។
- រឿងដ៏កម្របំផុតដែលមនុស្សមិនដែលធ្វើ គឺត្រូវខំធ្វើតាមដែលអាចធ្វើទៅបាន។
- រៀនរិះរក្សាគ្រង យកចេញចាយដោយរដូវ។
- រោគរោមកាយា ថ្កើងឯគ្រូពេទ្យ។
ល
- លាក់តែមុខ គូទនៅកណ្ដាលវាល។
- លិចសឹមលោត ដល់កំប៉ូតសឹមតោង។
- លិចកញ្ជង់ លង់កញ្ជើ។
- លូកប្រហុក លូកឲ្យកប់ក្លៀក។
- លួចគេវាគ្រាន់ ដល់ពេលគេទាន់វាក្រែល។
- លួចគេវាធ្លាប់ដៃ ដេកថ្ងៃវាធ្លាប់ភ្នែក។
- លឺផ្គរឲ្យមើលខ្យល់ ក្ដីពុំយល់កុំអាលក្រោធ។
- លឿនលៃមិនទាន់។
- លេងក្មេងអាប់យស លេងពស់ៗខាំ។
- លេបទៅវាស្លាក់ ខ្ជាក់ទៅវាស្លែង។
- លោភពេក វាបែកពោះ។
វ
- វក់នឹងអាភៀន តែងញៀនជាប់។
- វេចសំពាយចាំព្រេងសំណាង អាងតែដុតធូប។
ស
- ស្រលាញ់កុំទៅញឹក បើរលឹកសឹមទៅម្ដងៗ។
- សង្ឃផ្គង់វិន័យ ស្រីផ្គង់មារយាទ។
- សត្វតុកកែស្លាប់ ដោយសារប្រើស។
- សង់ផ្ទះតាមចិត្តអ្នកនៅ។
- សប្បាយមានទុក្ខ ស្រណុកមានភ័យ។
- សប្បុរសជនចង់ដឹងពីសេចក្ដីត្រូវការមិនមែនចង់ដឹងពីមូលហេតុទេ។
- សព្វថ្ងៃនេះប្រភពធនធានធំបំផុតតែមួយគត់គឺនៅចន្លោះត្រចៀកអ្នក។
- សរសើរតែមាត់ ចិត្តផ្ដន្ទា។
- សាងល្អបានល្អ។
- សាងបាបបានបាប សាងបុណ្យបានបុណ្យ។
- សាបមួយដៃ ប្រៃមួយចឹប។
- ស្លាប់ដូចពស់ រស់ដូចកង្កែប។
- ស្ថិតស្ថេរឥតអំពើ បើមិនធ្វើអំពើល្អ។
- សីលជាស្ពាន ទានជាស្បៀង។
- សូវទូលក្ដីតបាវ កុំឲ្យទូលក្ដីតកញ្ជើ។
- សេរីភាពគ្មានអ្វីក្រៅពីជួយឲ្យមនុស្សមានឱកាសល្អប្រសើរទេ។
- សម្ដីជាឯក លេខជាទោ អក្សរជាត្រី។
- ស៊ីនឹងអ្នកណា ត្រូវយកអាសាអ្នកនោះ។
- ស្វែងរករៀនច្បាប់ ពុំស្មើចិត្តជា។
- សំណាបយោងដី ស្រីយោងប្រុស។
ហ
- ហាឡើងវាស្លាក់ ខ្ជាក់ទៅវាសែ្លង។
- ហាហួសចង្កា ថាហួសសេចក្ដី។
- ហ៊ានស្បែកដាច ខ្លាចស្បែកស្វិត។
ឡ
- ឡេះឡោះ ដូចទឹកកន្លះក្អម។
អ
- អន្ទង់វែងឆ្នាំងវែង។
- អ្នកខ្ពស់រក្សាទាប ដោយសុភាពធម៌បុរាណ។
- អ្នកចេះដប់ មិនស្មើអ្នកប្រសប់មួយ។
- អ្នកដំកុំផ្ញើដែក អ្នកប្រមឹកកុំផ្ញើស្រា។
- អាងតែមានអណ្ដាត ចេះតែផ្ទាត់ទៅ។
- អាងតែអណ្ដាតឥតឆ្អឹង ចេះតែគ្រលាស់ទៅ។
- អាគកណា ក៏ស៊ីស្រូវដែរ។
ឥ
- ឥតដំបៅហៅជម្ងឺ ដំបៅមិនឈឺយកឈើចាក់។
សូមអរគុណ៖http://asatchomlaek.blogspot.com/